លក្ខខណ្ឌប្រើប្រាស់ Google Play

ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ (មើល​កំណែ​ដែលបានទុក​ក្នុងបណ្ណសារ)

យើងនឹងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌប្រើប្រាស់​ Play នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤។ មុនថ្ងៃនោះមកដល់ លក្ខខណ្ឌប្រើប្រាស់ខាងក្រោយនេះនឹងបន្តមានប្រសិទ្ធភាព។ មើលសាកល្បងនូវលក្ខខណ្ឌប្រើប្រាស់ ដែលនឹងដាក់ចេញនៅពេលដ៏ខ្លីខាងមុខនេះ។

1. សេចក្ដីផ្ដើម

លក្ខខណ្ឌអនុវត្ត។ សូមអរគុណសម្រាប់ការប្រើប្រាស់ Google Play ។ Google Play គឺជាសេវាកម្មដែលផ្ដល់ដោយ Google LLC ("Google""យើង") ដែលមានទីតាំងស្ថិតនៅ 1600 Amphitheatre Parkway, Mountain View, California 94043, សហរដ្ឋអាមេរិក។ ការប្រើប្រាស់ Google Play និងកម្មវិធីនានា (រួមទាំងកម្មវិធីប្រើភ្លាមៗរបស់ Android) សេវាកម្មប្រព័ន្ធ ហ្គេម ភាពយន្ត សៀវភៅ ទស្សនាវដ្ដី ឬមាតិកា ឬសេវាកម្មឌីជីថលផ្សេងទៀត (ហៅកាត់ថា "មាតិកា") ដែលមានផ្ដល់ជូនតាមរយៈ Google Play គឺត្រូវអនុលោមតាមលក្ខខណ្ឌប្រើប្រាស់ Google Play ទាំងនេះ (“Play ToS”) និងលក្ខខណ្ឌប្រើប្រាស់ Google ("Google ToS") (ជារួមចំណុចទាំងនេះហៅកាត់ថា "លក្ខខណ្ឌ")។ Google Play គឺជា "សេវាកម្ម" ដូចដែលបានរៀបរាប់នៅក្នុង Google ToS ។ ប្រសិនបើមានភាពខុសគ្នាណាមួយរវាង Play ToS និង Google ToS នោះ Play ToS នឹងត្រូវយកជាគោល។

2. ការប្រើប្រាស់ Google Play របស់អ្នក

ការចូលប្រើប្រាស់ និងការប្រើប្រាស់មាតិកា។ អ្នកអាចប្រើប្រាស់ Google Play ដើម្បីស្វែងរក កំណត់ទីតាំង មើល ចាក់ ឬទាញយកមាតិកាសម្រាប់ឧបករណ៍ចល័ត កុំព្យូទ័រ ទូរទស្សន៍ នាឡិកាដៃ ឬឧបករណ៍ដែលស្គាល់ផ្សេងទៀត ("ឧបករណ៍")។ ដើម្បីប្រើ Google Play អ្នកត្រូវការឧបករណ៍ដែលសមស្របនឹងតម្រូវការប្រព័ន្ធ និងភាពត្រូវគ្នាសម្រាប់មាតិកាពាក់ព័ន្ធ អ៊ីនធឺណិតដែលដំណើរការ និងកម្មវិធីដែលត្រូវគ្នា។ ការផ្ដល់ជូនមាតិកា និងមុខងារផ្សេងៗនឹងមានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗ ហើយមាតិកា ឬមុខងារទាំងអស់មិនសុទ្ធតែមានផ្តល់ជូននៅក្នុងប្រទេសរបស់អ្នកនោះទេ។ មាតិកាមួយចំនួនអាចចែករំលែកបានជាមួយសមាជិកគ្រួសារ។ មាតិកាអាចត្រូវបានផ្ដល់ជូនដោយ Google ឬអាចផ្ដល់ដោយតតិយជនដែលមិនមែនជាបុត្រសម្ព័ន្ធរបស់ Google ។ Google មិនទទួលខុសត្រូវ និងមិនគាំទ្រមាតិកាទាំងឡាយណាដែលមានផ្ដល់ជូនតាមរយៈ Google Play ដែលមានប្រភពផ្សេងក្រៅពី Google នោះទេ។

ការរឹតត្បិតលើកម្រិតអាយុ។ ដើម្បីប្រើប្រាស់ Google Play អ្នកត្រូវតែមានគណនី Google ដែលមានសុពលភាព ("គណនី Google") ដែលអនុលោមតាមការរឹតត្បិតលើកម្រិតអាយុខាងក្រោម។ ប្រសិនបើអ្នកត្រូវបានចាត់ទុកថាជាអនីតិជននៅក្នុងប្រទេសរបស់អ្នក អ្នកត្រូវតែមានការអនុញ្ញាតពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់របស់អ្នកដើម្បីប្រើប្រាស់ Google Play និងទទួលយកលក្ខខណ្ឌ។ អ្នកត្រូវតែគោរពតាមការរឹតត្បិតលើកម្រិតអាយុបន្ថែមទាំងឡាយ ដែលអាចអនុវត្តសម្រាប់ការប្រើប្រាស់មាតិកា ឬមុខងារជាក់លាក់មួយចំនួននៅលើ Google Play ។ អ្នកគ្រប់គ្រងគ្រួសារ និងសមាជិកគ្រួសារក៏ត្រូវតែបំពេញតម្រូវការបន្ថែមទាំងនេះផងដែរ។

ថ្លៃសេវាតតិយជន។ អ្នកគឺជាអ្នកទទួលខុសត្រូវចំពោះថ្លៃសេវាចូលប្រើប្រាស់ ឬទិន្នន័យទាំងឡាយដែលបង្កើតឡើងដោយតតិយជន (ដូចជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុនសេវាទូរសព្ទចល័តរបស់អ្នក) ពាក់ព័ន្ធនឹងការប្រើប្រាស់ និងការមើលមាតិកា និង Google Play របស់អ្នក។

ការធ្វើបច្ចុប្បន្នភាព។ Google Play បណ្ណាល័យជំនួយដែលពាក់ព័ន្ធ ឬមាតិកាអាចត្រូវធ្វើបច្ចុប្បន្នភាព ឧទាហរណ៍ សម្រាប់ការកែបញ្ហា មុខងារដែលបានធ្វើឱ្យប្រសើរឡើង កម្មវិធីជំនួយដែលមិនមាន និងកំណែថ្មី ("ការធ្វើបច្ចុប្បន្នភាព" ជារួម)។ ការធ្វើបច្ចុប្បន្នភាពនេះអាចចាំបាច់សម្រាប់អ្នកក្នុងការប្រើប្រាស់ Google Play ឬដើម្បីចូលប្រើប្រាស់ ទាញយក ឬប្រើប្រាស់មាតិកា។ តាមរយៈការយល់ព្រមនឹងលក្ខខណ្ឌទាំងនេះ និងការប្រើប្រាស់ Google Play អ្នកយល់ព្រមទទួលយកការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។ អ្នកអាចគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពចំពោះមាតិកាមួយចំនួនតាមរយៈការកំណត់នៅក្នុង Google Play ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមានការកំណត់ថាការធ្វើបច្ចុប្បន្នភាពនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសុវត្ថិភាពដ៏សំខាន់ ឬបញ្ហាប្រតិបត្តិការសំខាន់ ដែលពាក់ព័ន្ធនឹងមាតិកាឬនឹងរារាំងការបំពាន ការធ្វើបច្ចុប្បន្នភាពអាចនឹងកើតឡើងដោយមិនគិតពីការកំណត់ការធ្វើបច្ចុប្បន្នភាពរបស់អ្នកនៅក្នុង Google Play ឬឧបករណ៍របស់អ្នកនោះទេ។ ប្រសិនបើហាងកម្មវិធីផ្សេងទៀតព្យាយាមធ្វើបច្ចុប្បន្នភាពមាតិកា ដែលដំបូងឡើយបានទាញយកពី Google Play អ្នកអាចនឹងទទួលបានការព្រមាន ឬក៏ការធ្វើបច្ចុប្បន្នភាពនោះអាចនឹងត្រូវបានទប់ស្កាត់ទាំងស្រុង។

ព័ត៌មានអំពីអ្នក។គោលការណ៍ឯកជនភាពរបស់ Google ពន្យល់ពីរបៀបដែលយើងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងការពារភាពឯកជនរបស់អ្នកនៅពេលប្រើប្រាស់ Google Play ។ Google អាចត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា ឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកទៅក្រុមហ៊ុនផ្ដល់សេវាក្នុងគោលបំណងដំណើរការប្រតិបត្តិការរបស់អ្នក ឬផ្ដល់មាតិកាដល់អ្នក។ ក្រុមហ៊ុនផ្ដល់សេវាយល់ព្រមនឹងការប្រើប្រាស់ព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់គេ។

ប្រសិនបើអ្នកជាសមាជិកគ្រុបគ្រួសារនៅលើ Google Play សមាជិកគ្រួសាររបស់អ្នកនៅក្នុងគ្រុបគ្រួសារនឹងអាចមើលព័ត៌មានមួយចំនួនអំពីអ្នក។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃគ្រុបគ្រួសារនៅលើ Google Play សមាជិកគ្រួសារដែលអ្នកអញ្ជើញឱ្យចូលរួមក្នុងគ្រុបគ្រួសារនឹងអាចមើលឃើញឈ្មោះ រូបថត និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។ ប្រសិនបើអ្នកចូលរួមក្នុងគ្រុបគ្រួសារជាសមាជិកគ្រួសារ សមាជិកគ្រួសារផ្សេងទៀតនឹងអាចមើលឃើញឈ្មោះ រូបថត និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។ អ្នកគ្រប់គ្រងគ្រួសាររបស់អ្នកក៏អាចមើលឃើញអាយុរបស់អ្នកផងដែរ ហើយនឹងមើលឃើញកំណត់ត្រានៃការទិញទាំងអស់ ដែលអ្នកបានធ្វើដោយប្រើវិធីបង់ប្រាក់សម្រាប់គណនីគ្រួសារដែលបានកំណត់ រួមទាំងការពណ៌នាអំពីមាតិកាដែលបានទិញផងដែរ។ ប្រសិនបើមាតិកាមានសម្រាប់ចែករំលែកក្នុងគ្រួសារ ហើយអ្នកចែករំលែកវាជាមួយគ្រុបគ្រួសាររបស់អ្នក នោះសមាជិកគ្រួសារទាំងអស់នឹងអាចចូលប្រើមាតិកា និងមើលឃើញថាអ្នកបានទិញវា។

ការចូលប្រើគណនីដោយគ្មានការអនុញ្ញាត។ អ្នកត្រូវតែរក្សាព័ត៌មានលម្អិតគណនីរបស់អ្នកឱ្យមានសុវត្ថិភាព និងមិនត្រូវចែករំលែកវាជាមួយអ្នកផ្សេងទៀតឡើយ។ អ្នកមិនត្រូវប្រមូល ឬទាញផលប្រយោជន៍ពីទិន្នន័យផ្ទាល់ខ្លួនទាំងឡាយរបស់អ្នកប្រើប្រាស់ Google Play ឬរបស់អ្នកប្រើប្រាស់ទាំងឡាយនៃសេវាកម្ម Google ផ្សេងទៀតតាមរយៈ Google Play រួមទាំងឈ្មោះគណនីផងដែរ។

គណនីដែលបានបិទ។ ប្រសិនបើ Google បិទការចូលប្រើគណនីរបស់អ្នកដោយអនុលោមតាមលក្ខខណ្ឌ (ឧទាហរណ៍ ប្រសិនបើអ្នកបំពានលក្ខខណ្ឌ) អ្នកអាចនឹងត្រូវបានទប់ស្កាត់ពីការចូលប្រើ Google Play, ព័ត៌មានលម្អិតគណនីរបស់អ្នក ឬឯកសារទាំងឡាយ ឬមាតិកាផ្សេងទៀតដែលផ្ទុកនៅក្នុងគណនីរបស់អ្នក។ សូមមើលមជ្ឈមណ្ឌលជំនួយសម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃគ្រួសារមួយនៅលើ Google Play ហើយ Google បិទការចូលប្រើគណនីរបស់អ្នក នោះសមាជិកគ្រួសាររបស់អ្នកអាចបាត់បង់សិទ្ធិចូលប្រើមុខងារសម្រាប់គ្រួសារដែលតម្រូវឱ្យមានគ្រុបគ្រួសារដូចជា វិធីបង់ប្រាក់សម្រាប់គណនីគ្រួសារ ការជាវសម្រាប់គ្រួសារ ឬមាតិកាដែលចែករំលែកដោយសមាជិកគ្រួសារ។ ប្រសិនបើអ្នកជាសមាជិកគ្រួសារនៃគ្រួសារមួយនៅលើ Google Play ហើយ Google បិទគណនីរបស់អ្នក សមាជិកគ្រួសាររបស់អ្នកនឹងបាត់បង់សិទ្ធិចូលប្រើមាតិកាដែលអ្នកបានចែករំលែកជាមួយពួកគេ។

ការការពារកម្មវិធីគ្រោះថ្នាក់។ ដើម្បីការពារអ្នកពីកម្មវិធីគ្រោះថ្នាក់របស់តតិយជន URL និងបញ្ហាសុវត្ថិភាពផ្សេងទៀត Google អាចទទួលព័ត៌មានអំពីការភ្ជាប់បណ្តាញឧបករណ៍របស់អ្នក URL ដែលអាចបង្កគ្រោះថ្នាក់ ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងនៅលើឧបករណ៍របស់អ្នកតាមរយៈ Google Play ឬពីប្រភពផ្សេងទៀត។ Google អាចព្រមានអ្នក ប្រសិនបើ Google ចាត់ទុកកម្មវិធី ឬ URL ថាមិនមានសុវត្ថិភាព ឬ Google អាចលុប ឬទប់ស្កាត់ការដំឡើងរបស់វានៅលើឧបករណ៍របស់អ្នក ប្រសិនបើដឹងថាវាអាចបង្កគ្រោះថ្នាក់ដល់ឧបករណ៍ ទិន្នន័យ ឬអ្នកប្រើប្រាស់។ អ្នកអាចបិទការការពារទាំងនេះមួយចំនួននៅក្នុងការកំណត់នៅលើឧបករណ៍របស់អ្នក ទោះបីជាយ៉ាងណាក៏ដោយ Google អាចបន្តទទួលព័ត៌មានអំពីកម្មវិធីដែលបានដំឡើងតាមរយៈ Google Play ហើយកម្មវិធីដែលបានដំឡើងនៅលើឧបករណ៍របស់អ្នកពីប្រភពផ្សេងទៀតអាចត្រូវបានវិភាគសម្រាប់បញ្ហាសុវត្ថិភាពបន្តទៀតដោយមិនផ្ញើព័ត៌មានទៅ Google ។

កម្មវិធីប្រើភ្លាមៗរបស់ Android ។ នៅពេលអ្នកចុចលើតំណណាមួយនៅលើឧបករណ៍របស់អ្នក Google Play អាចពិនិត្យមើលថាតើកម្មវិធីប្រើភ្លាមៗដែលអាចប្រើបានមានដែរទេ ប្រសិនបើមាន វាបើកតំណនៅក្នុងកម្មវិធីប្រើភ្លាមៗនោះ។ កូដទាំងឡាយដែលត្រូវការដើម្បីដំណើរការផ្នែកផ្សេងៗនៃកម្មវិធីប្រើភ្លាមៗដែលអ្នកចូលប្រើ នឹងត្រូវបានទាញយកទៅក្នុងឧបករណ៍របស់អ្នក ហើយនឹងត្រូវបានរក្សាទុកនៅលើឧបករណ៍នោះជាបណ្តោះអាសន្ន។ ព័ត៌មានលម្អិតកម្មវិធីសម្រាប់កម្មវិធីប្រើភ្លាមៗអាចរកបាននៅក្នុង Google Play store ។ ទិន្នន័យនិងការកំណត់ក្នុងកម្មវិធីប្រើភ្លាមៗរបស់ Android ត្រូវបានធ្វើសមកាលកម្មទៅកាន់ឧបករណ៍ដែលបានចូលដោយគណនី Google របស់អ្នក។ អ្នកអាចបិទកម្មវិធីប្រើភ្លាមៗរបស់ Android នៅក្នុងការកំណត់នៅលើឧបករណ៍របស់អ្នក។

ការផ្លាស់ប្ដូរចំពោះលក្ខខណ្ឌទាំងនេះ។ ប្រសិនបើ Play ToS ផ្លាស់ប្តូរ អ្នកនឹងទទួលបានការជូនដំណឹងក្នុងរយៈពេលយ៉ាងហោចណាស់ 30 ថ្ងៃ ហើយ Play ToS ថ្មីនឹងមានប្រសិទ្ធភាព បន្ទាប់ពីរយៈពេលនៃការជូនដំណឹងនោះ។ ការបន្តប្រើប្រាស់ Google Play របស់អ្នកបន្ទាប់ពីរយៈពេលនៃការជូនដំណឹងនោះនឹងបង្ហាញពីការទទួលយករបស់អ្នកចំពោះ Play ToS ថ្មី។ Play ToS ថ្មីនឹងអនុវត្តចំពោះការប្រើប្រាស់មាតិកាទាំងអស់របស់អ្នក (រួមទាំងមាតិកាដែលអ្នកបានដំឡើង ឬបានទិញកាលពីមុន) និងរាល់ការដំឡើង ឬការទិញទាំងអស់ក្នុងពេលខាងមុខ។ ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរនេះទេ អ្នកនឹងមានឱកាសទាញយកមាតិកាដែលអ្នកបានទិញ ឬដំឡើងកាលពីមុន និងបញ្ឈប់ការប្រើប្រាស់ Google Play របស់អ្នក។ អ្នកអាចបន្តមើលច្បាប់ចម្លងមាតិកានៅលើឧបករណ៍របស់អ្នក ដោយអនុលោមតាមកំណែចុងក្រោយនៃ Play ToS ដែលអ្នកបានយល់ព្រមទទួលយក។

3. ការទិញ និងការបង់ប្រាក់

មាតិកាដែលឥតគិតថ្លៃ។ Google អាចអនុញ្ញាតឱ្យអ្នកទាញយក មើល ឬប្រើមាតិកាដោយឥតគិតថ្លៃនៅលើ Google Play ។ ការដាក់កម្រិតបន្ថែមអាចអនុវត្តចំពោះការចូលប្រើ និងការប្រើប្រាស់មាតិកាឥតគិតថ្លៃមួយចំនួនរបស់អ្នក។

ការទិញមាតិកា។ នៅពេលអ្នកទិញមាតិកានៅលើ ឬប្រើប្រាស់ Google Play អ្នកនឹងចុះកិច្ចសន្យាលក់ដាច់ដោយឡែក ដោយផ្អែកលើលក្ខខណ្ឌទាំងនេះ (ស្របទៅតាមការអនុវត្ត) ជាមួយអ្នកលក់ដែលនឹងជា៖

(ក) Google Digital Inc.; ឬ

(ខ) ក្រុមហ៊ុនផ្ដល់មាតិកា ("ក្រុមហ៊ុនផ្ដល់សេវា") រួមទាំងករណីដែល Google Digital Inc. ដើរតួជាភ្នាក់ងារសម្រាប់ក្រុមហ៊ុនផ្ដល់សេវាផងដែរ។

កិច្ចសន្យាលក់ដាច់ដោយឡែកគឺបន្ថែមលើលក្ខខណ្ឌទាំងនេះ។

សម្រាប់ការលក់ដែល Google ដើរតួជាភ្នាក់ងារសម្រាប់ក្រុមហ៊ុនផ្ដល់សេវា សេចក្តីថ្លែងការណ៍នៅក្នុង Google ToS ដែលបញ្ជាក់ថា Google ToS "មិនបង្កើតសិទ្ធិសម្រាប់អ្នកទទួលផលតតិយជនណាមួយឡើយ" មិនអនុវត្តចំពោះការប្រើប្រាស់ Google Play របស់អ្នកទេ។

កិច្ចសន្យារបស់អ្នកសម្រាប់ការទិញ និងការប្រើប្រាស់មាតិកាត្រូវបានបញ្ចប់ នៅពេលដែលអ្នកទទួលបានអ៊ីមែលពី Google ដែលបញ្ជាក់ពីការទិញមាតិកានោះ ហើយការអនុវត្តកិច្ចសន្យានេះចាប់ផ្តើមភ្លាមៗ នៅពេលបញ្ចប់ការទិញ។

ការបញ្ជាទិញជាមុន។ នៅពេលដែលអ្នកធ្វើការបញ្ជាទិញមាតិកាជាមុន កិច្ចសន្យារបស់អ្នកសម្រាប់ការទិញ និងការប្រើប្រាស់មាតិកានោះត្រូវបានបញ្ចប់ នៅពេលដែលមាតិកាត្រូវបានផ្តល់ជូនអ្នក ហើយអ្នកនឹងត្រូវបានកាត់ប្រាក់សម្រាប់ការទិញនៅពេលនោះ។ អ្នកអាចលុបចោលការបញ្ជាទិញជាមុនរបស់អ្នកបានគ្រប់ពេល មុនពេលដែលមាតិកានោះត្រូវបានផ្ដល់ជូនអ្នក។ យើងនឹងត្រូវលុបចោលការបញ្ជាទិញជាមុនរបស់អ្នក ប្រសិនបើមាតិកាត្រូវបានដកចេញពីការលក់តាមរយៈ Google Play មុនពេលវាមានសម្រាប់ផ្តល់ជូន ហើយយើងរក្សាសិទ្ធិក្នុងការលុបចោលការបញ្ជាទិញរបស់អ្នកក្នុងករណីដែលមានការផ្លាស់ប្តូរតម្លៃ មុនពេលបញ្ចប់ការបញ្ជាទិញរបស់អ្នក។

វិធីបង់ប្រាក់សម្រាប់គណនីគ្រួសារ។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃគ្រុបគ្រួសារមួយនៅលើ Google Play អ្នកចាំបាច់ត្រូវរៀបចំវិធីបង់ប្រាក់សម្រាប់គណនីគ្រួសារដែលមានសុពលភាពសម្រាប់សមាជិកគ្រួសាររបស់អ្នក ដើម្បីប្រើប្រាស់ក្នុងការទិញមាតិកានៅលើ Google Play និងនៅក្នុងកម្មវិធីនានា។ អ្នកនឹងទទួលខុសត្រូវចំពោះការទិញមាតិការបស់សមាជិកគ្រួសារទាំងអស់ដែលប្រើវិធីបង់ប្រាក់សម្រាប់គណនីគ្រួសារនេះ។ ប្រសិនបើគ្រុបគ្រួសារត្រូវបានលុប ឬសមាជិកគ្រួសារណាម្នាក់ចាកចេញពីគ្រុបគ្រួសារ អ្នកអាចត្រូវបានកាត់ប្រាក់សម្រាប់ការទិញដែលមិនទាន់បញ្ចប់រួចរាល់ ដែលធ្វើឡើងដោយសមាជិកគ្រួសារដែលប្រើវិធីបង់ប្រាក់សម្រាប់គណនីគ្រួសារនេះ។

Google Payments ។ ដើម្បីទិញមាតិកាតាមរយៈ Google Play អ្នកត្រូវតែមានគណនីទូទាត់ Google Payments និងយល់ព្រមតាមលក្ខខណ្ឌប្រើប្រាស់ Google Payments ។ ការជូនដំណឹងឯកជនភាពរបស់ Google Payments អនុវត្តនៅពេលដែលអ្នកទិញមាតិកាដោយប្រើគណនីទូទាត់ Google Payments ។ អ្នកទទួលខុសត្រូវចំពោះចំនួនទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ដែលពាក់ព័ន្ធនឹងការទិញតាមរយៈ Google Play នៅលើគណនីទូទាត់ Google Payments របស់អ្នក។

វិធីដំណើរការបង់ប្រាក់ផ្សេងទៀត។ Google អាចផ្តល់ឱ្យអ្នកនូវវិធីដំណើរការបង់ប្រាក់ផ្សេងៗបន្ថែមពីលើ Google Payments ដើម្បីសម្រួលដល់ការទិញមាតិកាតាមរយៈ Google Play ។ អ្នកត្រូវតែគោរពតាមលក្ខខណ្ឌដែលពាក់ព័ន្ធ ឬកិច្ចព្រមព្រៀងផ្លូវច្បាប់ផ្សេងទៀត មិនថាជាមួយ Google ឬតតិយជនដែលគ្រប់គ្រងការប្រើប្រាស់របស់អ្នកលើវិធីដំណើរការបង់ប្រាក់ដែលបានផ្តល់នោះទេ។ Google អាចបញ្ចូល ឬលុបវិធីដំណើរការបង់ប្រាក់តាមឆន្ទានុសិទ្ធរបស់ខ្លួនតែមួយគត់។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះចំនួនទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ចំពោះការទិញនៅលើ Google Play របស់អ្នក។

លក្ខខណ្ឌសម្រាប់ការចេញវិក្កយបត្រតាមក្រុមហ៊ុនបញ្ជូន។ ដើម្បីកំណត់លក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទិញមាតិកា ដែលអ្នកធ្វើឡើងតាមរយៈឧបករណ៍របស់អ្នកដែលបានចេញវិក្កយបត្រទៅគណនីរបស់ក្រុមហ៊ុនផ្តល់សេវាបណ្ដាញរបស់អ្នក នៅពេលដែលអ្នកបង្កើតគណនី Google Play នៅលើឧបករណ៍ យើងនឹងផ្ញើទិន្នន័យសម្គាល់របស់ឧបករណ៍អ្នក ឧ. លេខសម្គាល់អ្នកជាវ និងលេខស៊េរីស៊ីមកាត ទៅកាន់ក្រុមហ៊ុនផ្ដល់សេវាបណ្ដាញរបស់អ្នក។ ដើម្បីអនុញ្ញាតការទិញនេះ អ្នកនឹងត្រូវយល់ព្រមទទួលយកលក្ខខណ្ឌប្រើប្រាស់របស់ក្រុមហ៊ុនផ្តល់សេវាបណ្ដាញ។ ក្រុមហ៊ុនផ្ដល់សេវាបណ្តាញអាចផ្ញើព័ត៌មានអាសយដ្ឋានចេញវិក្កយបត្ររបស់អ្នកមកយើង។ យើងនឹងរក្សាទុក និងប្រើប្រាស់ព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ Google និងការជូនដំណឹងឯកជនភាពរបស់ Google Payments ។

តម្លៃ។ តម្លៃ និងការផ្តល់ជូនមាតិកាទាំងអស់ដែលបង្ហាញតាមរយៈ Google Play អាចមានការផ្លាស់ប្តូរគ្រប់ពេលមុនពេលទិញ។

ពន្ធ។"ពន្ធ" សំដៅលើពន្ធគយ ថ្លៃសេវាគយ ពន្ធដែលរឹបអូសបាន ឬប្រភេទពន្ធផ្សេងៗ (ក្រៅពីពន្ធលើប្រាក់ចំណូល) ដែលពាក់ព័ន្ធនឹងការលក់មាតិកា រួមបញ្ចូលទាំងការពិន័យ ឬការប្រាក់ផ្សេងៗ។ អ្នកគឺជាអ្នកទទួលខុសត្រូវចំពោះពន្ធទាំងឡាយ ហើយត្រូវទូទាត់សម្រាប់មាតិកាដោយមិនមានការកាត់បន្ថយពន្ធឡើយ។ ប្រសិនបើអ្នកលក់មាតិកា ឬ Google មានកាតព្វកិច្ចប្រមូល ឬបង់ពន្ធ ពន្ធនោះនឹងត្រូវកាត់ពីអ្នក។ អ្នកត្រូវតែគោរពតាមច្បាប់ពន្ធដារពាក់ព័ន្ធទាំងអស់ រួមទាំងការរាយការណ៍ និងការបង់ពន្ធទាំងឡាយដែលពាក់ព័ន្ធនឹងការប្រើប្រាស់ Google Play របស់អ្នក ឬការទិញមាតិកានៅលើ ឬតាមរយៈ Google Play ផងដែរ។ ការរាយការណ៍ និងការបង់ពន្ធដែលត្រូវអនុវត្តទាំងនេះគឺជាការទទួលខុសត្រូវរបស់អ្នក។

ការលក់ទាំងអស់គឺជាការសម្រេចចុងក្រោយ។ សូមមើលគោលការណ៍បង្វិលសងរបស់ Google Play សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិក្នុងការដកហូត បោះបង់ ឬប្រគល់ការទិញត្រឡប់មកវិញ ដើម្បីទទួលបានការបង្វិលសង។ លើកលែងតែចំណុចដែលបានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុង Google ToS, គោលការណ៍បង្វិលសងរបស់ Google Play ឬគោលការណ៍បង្វិលសងរបស់ក្រុមហ៊ុនផ្ដល់សេវា ការទិញទាំងអស់គឺជាការសម្រេចចុងក្រោយ ហើយនឹងមិនអនុញ្ញាតឱ្យមានការប្រគល់ត្រឡប់មកវិញ ក៏ដូចជាផ្លាស់ប្តូរ ឬបង្វិលសងនោះទេ។ ប្រសិនបើការផ្លាស់ប្តូរ ការប្រគល់ត្រឡប់មកវិញ ឬការបង្វិលសងត្រូវបានផ្តល់ជូនសម្រាប់ប្រតិបត្តិការណាមួយ ប្រតិបត្តិការនោះអាចត្រូវបានផ្លាស់ប្តូរត្រឡប់មកវិញ ហើយអ្នកមិនអាចប្រើប្រាស់មាតិកាដែលអ្នកបានទទួលតាមរយៈប្រតិបត្តិការនោះទៀតទេ។

ការជាវ។ ការជាវត្រូវបានកាត់ប្រាក់ដោយស្វ័យប្រវត្តិក្នុងរយៈពេលចេញវិក្កយបត្រនីមួយៗ (មិនថាប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំឆ្នាំ ឬក្នុងរយៈពេលផ្សេងទៀតនោះទេ) ហើយអ្នកអាចនឹងត្រូវបានកាត់ប្រាក់មិនឆាប់ជាង 24 ម៉ោង មុនរយៈពេលចេញវិក្កយបត្រនីមួយៗចាប់ផ្តើមនោះទេ។

(a) រយៈពេលសាកល្បង។ នៅពេលដែលអ្នកជាវមាតិកាក្នុងតម្លៃណាមួយ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការជាវ ដោយទទួលបានការប្រើប្រាស់សាកល្បងឥតគិតថ្លៃក្នុងរយៈពេលជាក់លាក់ណាមួយ ហើយបន្ទាប់ពីនោះអ្នកនឹងត្រូវបានកាត់ប្រាក់រហូតទាល់តែអ្នកបោះបង់ការជាវ។ ដើម្បីជៀសវាងការកាត់ប្រាក់ អ្នកត្រូវតែបោះបង់មុនពេលរយៈពេលសាកល្បងបញ្ចប់។ នៅពេលដែលអ្នកបោះបង់ការសាកល្បងរបស់អ្នក អ្នកនឹងបាត់បង់សិទ្ធិចូលប្រើមាតិកា និងសិទ្ធិជាវទាំងឡាយភ្លាមៗ លុះត្រាតែមានការបញ្ជាក់ខុសពីនេះ។ ការប្រើប្រាស់ក្នុងរយៈពេលសាកល្បងនេះអាចមានការកម្រិតចំនួនសាកល្បងជាក់លាក់សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ ក្នុងអំឡុងពេលដែលបានផ្តល់ជូន ឬអាចមានការរឹតត្បិតផ្សេងទៀត។

(b) ការបោះបង់។ អ្នកអាចបោះបង់ការជាវបានគ្រប់ពេល មុនរយៈពេលចេញវិក្កយបត្រពាក់ព័ន្ធបានបញ្ចប់ ដូចដែលបានពណ៌នានៅក្នុងមជ្ឈមណ្ឌលជំនួយ ហើយការបោះបង់នឹងអនុវត្តនៅក្នុងរយៈពេលបន្ទាប់។ ឧទាហរណ៍ ប្រសិនបើអ្នកទិញការជាវប្រចាំខែ អ្នកអាចបោះបង់ការជាវនោះបានគ្រប់ពេលក្នុងអំឡុងខែណាមួយនៃការជាវ ហើយការជាវនឹងត្រូវបានបោះបង់នៅចុងរយៈពេលកាត់គិតប្រាក់របស់អ្នកនៅពេលនៃការបោះបង់នោះ។ អ្នកនឹងមិនទទួលបានការបង្វិលសងសម្រាប់រយៈពេលចេញវិក្កយបត្របច្ចុប្បន្នទេ លើកលែងតែត្រូវបានចែងផ្សេងពីនេះដែលមាននៅក្នុងគោលការណ៍បង្វិលសងរបស់ Google Play (ឧទាហរណ៍ មាតិកាដែលមានវិការៈ)។

(c) ការបញ្ចុះតម្លៃសម្រាប់អ្នកជាវប្រភេទបោះពុម្ព។ ក្រុមហ៊ុនបោះពុម្ពផ្សាយព័ត៌មានមួយចំនួនអាចអនុញ្ញាតឱ្យអ្នកទិញការជាវមាតិកាព័ត៌មាននៅលើ Google Play ដោយមានការបញ្ចុះតម្លៃ ប្រសិនបើអ្នកធ្លាប់ជាអ្នកជាវប្រភេទបោះពុម្ព។ ប្រសិនបើអ្នកបោះបង់ការជាវប្រភេទបោះពុម្ពរបស់អ្នកនៃព័ត៌មាននោះឬការជាវប្រភេទបោះពុម្ពរបស់អ្នកផុតកំណត់ ហើយអ្នកមិនបន្តវា នោះការបញ្ចុះតម្លៃលើការជាវរបស់អ្នកចំពោះមាតិកានៅលើ Google Play នឹងត្រូវបានបោះបង់ដោយស្វ័យប្រវត្តិ។

(d) ការឡើងថ្លៃ។ នៅពេលដែលអ្នកទិញការជាវ ដំបូងឡើយអ្នកនឹងត្រូវបានកាត់ប្រាក់ក្នុងតម្លៃដែលកំពុងអនុវត្តក្នុងអំឡុងពេលព្រមព្រៀងជាវរបស់អ្នក។ ប្រសិនបើតម្លៃនៃការជាវកើនឡើងនៅពេលក្រោយ Google នឹងជូនដំណឹងដល់អ្នក។ ការឡើងថ្លៃនឹងអនុវត្តចំពោះការបង់ប្រាក់លើកក្រោយ ដែលត្រូវទូទាត់ពីអ្នកបន្ទាប់ពីការជូនដំណឹង ក្នុងលក្ខខណ្ឌដែលអ្នកទទួលបានការជូនដំណឹងជាមុនយ៉ាងហោច 30 ថ្ងៃ មុនពេលដែលការគិតប្រាក់ត្រូវបានអនុវត្ត។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងជាមុនតិចជាង 30 ថ្ងៃ នោះការឡើងថ្លៃនឹងមិនអនុវត្តទេ រហូតដល់ពេលបង់ប្រាក់បន្ទាប់ពីការបង់ប្រាក់លើកក្រោយ។ ប្រសិនបើអ្នកមិនចង់បង់ប្រាក់សម្រាប់ការជាវដែលឡើងថ្លៃទេ អ្នកអាចបោះបង់ការជាវនេះបានដូចដែលបានរៀបរាប់ក្នុងផ្នែកបោះបង់នៃលក្ខខណ្ឌទាំងនេះ ហើយអ្នកនឹងមិនត្រូវបានកាត់ប្រាក់បន្ថែមពីការជាវនេះទេ ក្នុងលក្ខខណ្ឌដែលអ្នកបានជូនដំណឹងដល់យើងមុនពេលដែលរយៈពេលចេញវិក្កយបត្របច្ចុប្បន្នបានបញ្ចប់។ ក្នុងករណីដែលក្រុមហ៊ុនផ្តល់សេវាបង្កើនតម្លៃនៃការជាវ និងតម្រូវឱ្យមានការយល់ព្រម Google អាចនឹងបោះបង់ការជាវរបស់អ្នក ប្រសិនបើអ្នកមិនយល់ព្រមតាមតម្លៃថ្មីទេ។ ប្រសិនបើការជាវរបស់អ្នកត្រូវបានបោះបង់ ហើយអ្នកចង់ជាវឡើងវិញនៅពេលក្រោយ អ្នកនឹងត្រូវបង់ក្នុងតម្លៃជាវនៅពេលនៃការជាវនោះ។

4. សិទ្ធិ និងការរឺតត្បិត

អាជ្ញាបណ្ណសម្រាប់ប្រើប្រាស់មាតិកា។ បន្ទាប់ពីបានបញ្ចប់ប្រតិបត្តិការ ឬទូទាត់ថ្លៃសេវាដែលត្រូវបង់សម្រាប់មាតិការួចហើយ អ្នកនឹងមានសិទ្ធិមិនផ្ដាច់មុខ ដូចដែលបានអនុញ្ញាតជាក់លាក់ក្នុងលក្ខខណ្ឌ និងគោលការណ៍ដែលពាក់ព័ន្ធទាំងនេះតែប៉ុណ្ណោះ ដើម្បីផ្ទុក ចូលប្រើ មើល ប្រើប្រាស់ និងបង្ហាញច្បាប់ចម្លងនៃមាតិកាពាក់ព័ន្ធនៅលើឧបករណ៍របស់អ្នក ឬបើមិនដូច្នោះទេ វាត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកតែប៉ុណ្ណោះ មិនមែនសម្រាប់ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនោះទេ។ សិទ្ធិ ចំណងជើង និងផលប្រយោជន៏ទាំងអស់នៅក្នុង Google Play និងមាតិកាដែលមិនបានផ្តល់ដល់អ្នកដូចបញ្ចាក់ជាក់លាក់ក្នុងលក្ខខណ្ឌត្រូវបានរក្សាសិទ្ធិ។ ការប្រើប្រាស់កម្មវិធី និងហ្គេមរបស់អ្នកអាចត្រូវបានគ្រប់គ្រងដោយខចែង និងលក្ខខណ្ឌបន្ថែមនៃកិច្ចព្រមព្រៀងអាជ្ញាបណ្ណអ្នកប្រើប្រាស់ចុងក្រោយរវាងអ្នក និងក្រុមហ៊ុនផ្ដល់សេវា។

ការបំពានលក្ខខណ្ឌអាជ្ញាបណ្ណ ប្រសិនបើអ្នកបំពានលើលក្ខខណ្ឌណាមួយ សិទ្ធិរបស់អ្នកនៅក្រោមអាជ្ញាបណ្ណនេះនឹងត្រូវបានបញ្ចប់ភ្លាមៗ ហើយ Google អាចនឹងបញ្ចប់ការចូលប្រើ Google Play, មាតិកា ឬគណនី Google របស់អ្នកដោយមិនមានការបង្វិលសងសម្រាប់អ្នកវិញទេ។

ការរឹតត្បិត៖ អ្នកមិនអាច៖

បញ្ញត្តិក្នុងការផ្តល់សិទ្ធិសម្រាប់តតិយជន។ ទោះបីជាមានអ្វីផ្ទុយពីលក្ខខណ្ឌទាំងនេះក៏ដោយ តតិយជនដែលផ្តល់អាជ្ញាបណ្ណលើមាតិការបស់ពួកគេទៅឱ្យ Google គឺជាអ្នកទទួលផលតតិយជនគោលដៅក្រោមលក្ខខណ្ឌទាំងនេះ ពាក់ព័ន្ធតែជាមួយនឹងការផ្តល់សិទ្ធិជាក់លាក់នៃលក្ខខណ្ឌទាំងនេះដែលទាក់ទងនឹងមាតិការបស់ពួកគេដោយផ្ទាល់ ("បញ្ញត្តិក្នុងការផ្តល់សិទ្ធិសម្រាប់តតិយជន") ហើយសម្រាប់តែគោលបំណងអនុញ្ញាតឱ្យតតិយជនអនុវត្តសិទ្ធិរបស់ខ្លួនចំពោះមាតិកានេះប៉ុណ្ណោះ។ ដើម្បីជៀសវាងការសង្ស័យ លក្ខខណ្ឌទាំងនេះមិនមានការផ្ដល់សិទ្ធិអ្នកទទួលផលប្រយោជន៏ ដល់ភាគីណាមួយឡើយ ពាក់ព័ន្ធនឹងការផ្តល់សិទ្ធិទាំងឡាយដែលមិនស្ថិតនៅក្នុងបញ្ញត្តិក្នុងការផ្តល់សិទ្ធិសម្រាប់តតិយជន រួមមានបញ្ញត្តិឬកិច្ចព្រមព្រៀងទាំងឡាយដែលបានរួមបញ្ចូលសម្រាប់ប្រើជាសេចក្តីយោង ឬដែលអាចធ្វើជាសេចក្តីយោងដោយគ្មានការរួមបញ្ចូល នៅក្នុងលក្ខខណ្ឌទាំងនេះ។

គោលការណ៍ Play ។ ការបង្ហោះការវាយតម្លៃនៅលើ Google Play គឺត្រូវអនុលោមតាមគោលការណ៍ខាងក្រោម។ ប្រសិនបើអ្នកចង់រាយការណ៍អំពីការរំលោភបំពាន ឬការបំពានមាតិកាផ្សេងទៀត សូមចុចទីនេះ

មាតិកាមានវិការៈ។ នៅពេលមាតិកាត្រូវបានផ្ដល់ជូនអ្នកតាមរយៈគណនីរបស់អ្នក អ្នកគួរតែពិនិត្យមើលមាតិកានោះឱ្យបានឆាប់តាមដែលអាចធ្វើបានដោយសមស្រប ដើម្បីធានាថាវាបំពេញមុខងារ និងដំណើរការដូចដែលបានបញ្ជាក់ រួចជូនដំណឹងមកយើង ឬក្រុមហ៊ុនផ្ដល់សេវាឱ្យបានឆាប់តាមដែលអាចធ្វើបានដោយសមស្រប ប្រសិនបើអ្នករកឃើញបញ្ហា ឬកំហុសផ្សេងៗ។ សូមមើលគោលការណ៍បង្វិលសងរបស់ Google Play សម្រាប់ព័ត៌មានបន្ថែម។

ការលុប ឬការមិនមានផ្តល់ជូនមាតិកា។ ដោយអនុលោមតាមលក្ខខណ្ឌ មាតិកាដែលអ្នកទិញ ឬដំឡើងនឹងមានផ្ដល់ជូនអ្នកតាមរយៈ Google Play សម្រាប់រយៈពេលដែលអ្នកបានជ្រើសរើស ក្នុងករណីនៃការទិញសម្រាប់រយៈពេលជួលណាមួយ និងក្នុងករណីផ្សេងទៀត ដរាបណា Google មានសិទ្ធិផ្តល់មាតិកានោះសម្រាប់អ្នក។ ក្នុងករណីមួយចំនួន (ឧទាហរណ៍ ប្រសិនបើ Google បាត់បង់សិទ្ធិដែលពាក់ព័ន្ធ សេវាកម្ម ឬមាតិកាត្រូវបានបញ្ឈប់ មានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ ឬមានការរំលោភបំពានលើលក្ខខណ្ឌពាក់ព័ន្ធ ឬច្បាប់) Google អាចលុបចេញពីឧបករណ៍របស់អ្នក ឬឈប់ផ្តល់សិទ្ធិសម្រាប់អ្នកក្នុងការចូលប្រើមាតិកាជាក់លាក់មួយចំនួនដែលអ្នកបានទិញ។ សម្រាប់មាតិកាដែលលក់ដោយ Google Digital Inc. អ្នកអាចទទួលបានការជូនដំណឹងអំពីការលុប ឬបញ្ឈប់ប្រភេទនេះ នៅពេលដែលអាចធ្វើបាន។ ប្រសិនបើអ្នកមិនអាចទាញយកច្បាប់ចម្លងនៃមាតិកាមុនពេលការលុប ឬបញ្ឈប់ទេ Google អាចផ្តល់ជូនអ្នកនូវ (ក) មាតិកាថ្មី ប្រសិនបើអាចធ្វើបាន ឬ (ខ) ការបង្វិលសងក្នុងតម្លៃដើមទាំងស្រុង ឬមួយផ្នែកនៃតម្លៃមាតិកា។ ប្រសិនបើ Google ផ្តល់ការបង្វិលសងសម្រាប់អ្នក ការបង្វិលសងនោះនឹងជាដំណោះស្រាយតែមួយគត់របស់អ្នក។

គណនីច្រើន។ ប្រសិនបើអ្នកមានគណនី Google ច្រើនដែលមានឈ្មោះអ្នកប្រើប្រាស់ផ្សេងៗគ្នា ក្នុងករណីមួយចំនួន អ្នកអាចផ្ទេរមាតិកាចេញពីគណនីមួយ និងទៅគណនីផ្សេងទៀត ប្រសិនបើអ្នកជាម្ចាស់នៃគណនីនីមួយៗ និងប្រសិនបើ Google បើកមុខងាររបស់សេវាកម្មពាក់ព័ន្ធដែលអនុញ្ញាតឱ្យមានការផ្ទេរបែបនេះ។

ការកម្រិតការចូលប្រើនៅលើឧបករណ៍។ Google អាចដាក់កម្រិតម្តងម្កាលលើចំនួនឧបករណ៍ ឬកម្មវិធីដែលអ្នកអាចប្រើដើម្បីចូលប្រើមាតិកា។ សូមចូលមើលច្បាប់ប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play / Google TV សម្រាប់ព័ត៌មានបន្ថែមអំពីការកម្រិតទាំងនេះលើ ភាពយន្ត និងទូរទស្សន៍ Google Play / Google TV។

សកម្មភាពគ្រោះថ្នាក់។ មិនមានសេវាកម្ម ឬមាតិកាណាមួយមានគោលបំណងសម្រាប់ប្រើប្រាស់ក្នុងដំណើរការរោងចក្រនុយក្លេអ៊ែរ ប្រព័ន្ធទ្រទ្រង់ជីវិត ទំនាក់ទំនងពេលមានអាសន្ន ប្រព័ន្ធទំនាក់ទំនង ឬការបញ្ជាយន្តហោះ ប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍ ឬសកម្មភាពប្រភេទនេះផ្សេងទៀតនោះទេ ដែលក្នុងករណីនេះការបរាជ័យចំពោះការដំណើរការសេវាកម្ម ឬមាតិកាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត រងរបួសដល់បុគ្គល ឬខូចខាតផ្លូវកាយឬបរិស្ថានធ្ងន់ធ្ងរឡើយ។

ភាពយន្ត និងទូរទស្សន៍ Google Play / Google TV ។ សម្រាប់ព័ត៌មានលម្អិត និងការរឹតត្បិតបន្ថែមអំពីការចូលប្រើ ឬចូលមើលភាពយន្ត និងទូរទស្សន៍ Google Play / Google TV របស់អ្នក សូមមើលច្បាប់ប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play / Google TV ។