លក្ខខណ្ឌប្រើប្រាស់ Google Play

4 សីហា 2020

1. សេចក្ដីផ្ដើម

លក្ខខណ្ឌអនុវត្ត។ សូមអរគុណសម្រាប់ការប្រើប្រាស់ Google Play ។ Google Play គឺជាសេវាកម្មដែលផ្ដល់ដោយ Google LLC ("Google" "យើង" ឬ "របស់យើង") ដែលមានទីតាំងស្ថិតនៅ 1600 Amphitheatre Parkway, Mountain View California 94043 សហរដ្ឋអាមេរិក។ ការប្រើប្រាស់ Google Play និងកម្មវិធីរបស់អ្នក (រួមទាំងកម្មវិធីប្រើភ្លាមៗរបស់ Android) ហ្គេម តន្រ្តី ភាពយន្ត សៀវភៅ ទស្សនាវដ្ដី ឬខ្លឹមសារ ឬសេវាកម្មឌីជីថលផ្សេងទៀត (ហៅកាត់ថា "ខ្លឹមសារ") ដែលមានផ្ដល់ជូន គឺត្រូវអនុលោមតាមលក្ខខណ្ឌប្រើប្រាស់ Google Play ទាំងនេះ និងលក្ខខណ្ឌប្រើប្រាស់ Google ("Google ToS") (ជារួមចំណុចទាំងនេះហៅកាត់ថា "លក្ខខណ្ឌ")។ Google Play គឺជា "សេវាកម្ម" ដូចដែលបានរៀបរាប់នៅក្នុង Google ToS ។ ប្រសិនបើមានភាពមិនត្រូវគ្នាណាមួយរវាងលក្ខខណ្ឌប្រើប្រាស់ Google Play និង Google ToS នោះលក្ខខណ្ឌប្រើប្រាស់ Google Play នឹងត្រូវយកជាគោល។

2. ការប្រើប្រាស់ Google Play របស់អ្នក

ការចូលប្រើប្រាស់ និងការប្រើប្រាស់ខ្លឹមសារ។ អ្នកអាចប្រើប្រាស់ Google Play ដើម្បីរុករក កំណត់ទីតាំង មើល ចាក់ ឬទាញយកខ្លឹមសារសម្រាប់ឧបករណ៍ចល័ត កុំព្យូទ័រ ទូរទស្សន៍ នាឡិកាដៃ ឬឧបករណ៍ដែលស្គាល់ផ្សេងទៀត ("ឧបករណ៍")។ ដើម្បីប្រើ Google Play អ្នកនឹងត្រូវការឧបករណ៍ដែលអាចបំពេញតាមតម្រូវការប្រព័ន្ធ និងភាពត្រូវគ្នាសម្រាប់ខ្លឹមសារពាក់ព័ន្ធ ការចូលប្រើអ៊ីនធឺណិតដែលដំណើរការ និងកម្មវិធីដែលត្រូវគ្នា។ ការផ្ដល់ជូនខ្លឹមសារ និងមុខងារផ្សេងៗនឹងមានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗ ហើយខ្លឹមសារ ឬមុខងារទាំងអស់មិនសុទ្ធតែមានផ្តល់ជូននៅក្នុងប្រទេសរបស់អ្នកនោះទេ។ ខ្លឹមសារមួយចំនួនអាចចែករំលែកបានជាមួយសមាជិកគ្រួសារ។ ខ្លឹមសារអាចផ្ដល់ជូនដោយ Google ឬអាចផ្ដល់ដោយភាគីទីបីដែលមិនមែនជាបុត្រសម្ពន្ធរបស់ Google ។ Google មិនទទួលខុសត្រូវ និងមិនយល់ស្របចំពោះខ្លឹមសារទាំងឡាយណាដែលមានផ្ដល់ជូនតាមរយៈ Google Play ដែលមានប្រភពផ្សេងក្រៅពី Google នោះទេ។

ការដាក់កំហិតលើកម្រិតអាយុ។ ដើម្បីប្រើប្រាស់ Google Play អ្នកត្រូវតែមានគណនី Google ដែលមានសុពលភាព ("គណនី Google") ដែលអនុលោមតាមការដាក់កំហិតលើកម្រិតអាយុខាងក្រោម។ ប្រសិនបើអ្នកត្រូវបានចាត់ទុកថាជាអនីតិជននៅក្នុងប្រទេសរបស់អ្នក អ្នកត្រូវតែមានការអនុញ្ញាតពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់របស់អ្នកដើម្បីប្រើប្រាស់ Google Play និងទទួលយកលក្ខខណ្ឌ។ អ្នកត្រូវតែគោរពតាមការដាក់កំហិតលើកម្រិតអាយុបន្ថែមទាំងឡាយ ដែលអាចអនុវត្តសម្រាប់ការប្រើប្រាស់ខ្លឹមសារ ឬមុខងារជាក់លាក់នៅលើ Google Play ។ អ្នកគ្រប់គ្រងគ្រួសារ និងសមាជិកគ្រួសារក៏ត្រូវតែបំពេញតម្រូវការបន្ថែមទាំងនេះផងដែរ។

ថ្លៃសេវាភាគីទីបី។ អ្នកគឺជាអ្នកទទួលខុសត្រូវចំពោះថ្លៃសេវាចូលប្រើប្រាស់ ឬទិន្នន័យទាំងឡាយដែលបង្កើតឡើងដោយភាគីទីបី (ដូចជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុនសេវាទូរសព្ទចល័តរបស់អ្នក) ពាក់ព័ន្ធនឹងការប្រើប្រាស់ និងការមើលខ្លឹមសារ និង Google Play របស់អ្នក។

ការធ្វើបច្ចុប្បន្នភាព។ Google Play, បណ្ណាល័យជំនួយដែលពាក់ព័ន្ធ ឬខ្លឹមសារអាចត្រូវធ្វើបច្ចុប្បន្នភាព ឧទាហរណ៍ សម្រាប់ការកែបញ្ហា មុខងារដែលបានធ្វើឱ្យប្រសើរឡើង កម្មវិធីជំនួយដែលបាត់ និងកំណែថ្មី ("ការធ្វើបច្ចុប្បន្នភាព"ជារួម)។ ការធ្វើបច្ចុប្បន្នភាពនេះអាចចាំបាច់សម្រាប់អ្នកក្នុងការប្រើប្រាស់ Google Play ឬដើម្បីចូលប្រើប្រាស់ ទាញយក ឬប្រើប្រាស់ខ្លឹមសារ។ ប្រសិនបើយល់ព្រមនឹងលក្ខខណ្ឌទាំងនេះ និងប្រើប្រាស់ Google Play មានន័យថាអ្នកយល់ព្រមទទួលយកការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។ អ្នកអាចគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពចំពោះខ្លឹមសារជាក់លាក់តាមរយៈការកំណត់នៅក្នុង Google Play ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានកំណត់ថាការធ្វើបច្ចុប្បន្នភាពនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសុវត្ថិភាពដ៏សំខាន់ដែលពាក់ព័ន្ធនឹងខ្លឹមសារ ការធ្វើបច្ចុប្បន្នភាពអាចត្រូវបានបញ្ចប់ដោយមិនគិតពីការកំណត់ការធ្វើបច្ចុប្បន្នភាពរបស់អ្នកនៅក្នុង Google Play ឬឧបករណ៍របស់អ្នកនោះទេ។ ប្រសិនបើហាងកម្មវិធីផ្សេងទៀតព្យាយាមធ្វើបច្ចុប្បន្នភាពខ្លឹមសារ ដែលដំបូងឡើយបានទាញយកពី Google Play អ្នកអាចនឹងទទួលបានការព្រមាន ឬក៏ការធ្វើបច្ចុប្បន្នភាពនោះអាចនឹងត្រូវបានទប់ស្កាត់ទាំងស្រុង។

ព័ត៌មានអំពីអ្នក។ គោលការណ៍ឯកជនភាពរបស់ Google ពន្យល់ពីរបៀបដែលយើងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងការពារភាពឯកជនរបស់អ្នកនៅពេលប្រើ Google Play ។ Google អាចត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា ឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកទៅក្រុមហ៊ុនផ្ដល់សេវាក្នុងគោលបំណងដំណើរការប្រតិបត្តិការរបស់អ្នក ឬផ្ដល់ខ្លឹមសារដល់អ្នក។ ក្រុមហ៊ុនផ្ដល់សេវាយល់ព្រមនឹងការប្រើប្រាស់ព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់គេ។

ប្រសិនបើអ្នកជាសមាជិកក្រុមគ្រួសារនៅលើ Google Play សមាជិកគ្រួសាររបស់អ្នកនៅក្នុងក្រុមគ្រួសារនឹងអាចមើលព័ត៌មានជាក់លាក់អំពីអ្នក។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃក្រុមគ្រួសារនៅលើ Google Play សមាជិកគ្រួសារដែលអ្នកអញ្ជើញឱ្យចូលរួមក្នុងក្រុមគ្រួសារនឹងអាចមើលឃើញឈ្មោះ រូបថត និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។ ប្រសិនបើអ្នកចូលរួមក្នុងក្រុមគ្រួសារជាសមាជិកគ្រួសារ សមាជិកគ្រួសារផ្សេងទៀតនឹងអាចមើលឃើញឈ្មោះ រូបថត និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។ អ្នកគ្រប់គ្រងគ្រួសាររបស់អ្នកក៏អាចមើលឃើញអាយុរបស់អ្នកផងដែរ ហើយនឹងមើលឃើញកំណត់ត្រានៃការទិញទាំងអស់ ដែលអ្នកបានធ្វើដោយប្រើវិធីបង់ប្រាក់លក្ខណៈគ្រួសារដែលបានកំណត់ រួមទាំងការពណ៌នាអំពីខ្លឹមសារដែលបានទិញផងដែរ។ ប្រសិនបើខ្លឹមសារមានសម្រាប់ចែករំលែកក្នុងគ្រួសារ ហើយអ្នកចែករំលែកវាជាមួយក្រុមគ្រួសាររបស់អ្នក នោះសមាជិកគ្រួសារទាំងអស់នឹងអាចចូលប្រើខ្លឹមសារ និងមើលឃើញថាអ្នកបានទិញវា។

ការចូលប្រើគណនីដោយគ្មានការអនុញ្ញាត។ អ្នកត្រូវតែរក្សាព័ត៌មានលម្អិតគណនីរបស់អ្នកឱ្យមានសុវត្ថិភាព និងមិនត្រូវចែករំលែកវាជាមួយអ្នកផ្សេងទៀតឡើយ។ អ្នកមិនត្រូវប្រមូល ឬទាញផលប្រយោជន៍ពីទិន្នន័យផ្ទាល់ខ្លួនទាំងឡាយរបស់អ្នកប្រើប្រាស់ Google Play ឬរបស់អ្នកប្រើប្រាស់ទាំងឡាយនៃសេវាកម្ម Google ផ្សេងទៀតតាមរយៈ Google Play រួមទាំងឈ្មោះគណនីផងដែរ។

គណនីដែលបានបិទ។ ប្រសិនបើ Google បិទការចូលប្រើគណនីរបស់អ្នកដោយអនុលោមតាមលក្ខខណ្ឌ (ឧទាហរណ៍ ប្រសិនបើអ្នកបំពានលក្ខខណ្ឌ) អ្នកអាចនឹងត្រូវបានទប់ស្កាត់ពីការចូលប្រើ Google Play, ព័ត៌មានលម្អិតគណនីរបស់អ្នក ឬឯកសារទាំងឡាយ ឬខ្លឹមសារផ្សេងទៀតដែលផ្ទុកនៅក្នុងគណនីរបស់អ្នក។ សូមមើលមជ្ឈមណ្ឌលជំនួយសម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃគ្រួសារមួយនៅលើ Google Play ហើយ Google បិទការចូលប្រើគណនីរបស់អ្នក នោះសមាជិកគ្រួសាររបស់អ្នកអាចបាត់បង់សិទ្ធិចូលប្រើមុខងារសម្រាប់គ្រួសារដែលតម្រូវឱ្យមានក្រុមគ្រួសារដូចជា វិធីបង់ប្រាក់លក្ខណៈគ្រួសារ ការជាវសម្រាប់គ្រួសារ ឬខ្លឹមសារដែលចែករំលែកដោយសមាជិកគ្រួសារ។ ប្រសិនបើអ្នកជាសមាជិកគ្រួសារនៃគ្រួសារមួយនៅលើ Google Play ហើយ Google បិទគណនីរបស់អ្នក សមាជិកគ្រួសាររបស់អ្នកនឹងបាត់បង់សិទ្ធិចូលប្រើខ្លឹមសារដែលអ្នកបានចែករំលែកជាមួយពួកគេ។

ការការពារកម្មវិធីគ្រោះថ្នាក់។ ដើម្បីការពារអ្នកពីកម្មវិធីគ្រោះថ្នាក់ភាគីទីបី URL និងបញ្ហាសុវត្ថិភាពផ្សេងទៀត Google អាចទទួលព័ត៌មានអំពីការភ្ជាប់បណ្តាញឧបករណ៍របស់អ្នក URL ដែលអាចបង្កគ្រោះថ្នាក់ ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងនៅលើឧបករណ៍របស់អ្នកតាមរយៈ Google Play ឬពីប្រភពផ្សេងទៀត។ Google អាចព្រមានអ្នក ប្រសិនបើ Google ចាត់ទុកកម្មវិធី ឬ URL ថាមិនមានសុវត្ថិភាព ឬ Google អាចលុប ឬទប់ស្កាត់ការដំឡើងរបស់វានៅលើឧបករណ៍របស់អ្នក ប្រសិនបើវាត្រូវបានដឹងថាអាចបង្កគ្រោះថ្នាក់ដល់ឧបករណ៍ ទិន្នន័យ ឬអ្នកប្រើប្រាស់។ អ្នកអាចបិទការការពារទាំងនេះមួយចំនួននៅក្នុងការកំណត់នៅលើឧបករណ៍របស់អ្នក ទោះបីជាយ៉ាងណាក៏ដោយ Google អាចបន្តទទួលព័ត៌មានអំពីកម្មវិធីដែលបានដំឡើងតាមរយៈ Google Play ហើយកម្មវិធីដែលបានដំឡើងនៅលើឧបករណ៍របស់អ្នកពីប្រភពផ្សេងទៀតអាចត្រូវបានវិភាគសម្រាប់បញ្ហាសុវត្ថិភាពបន្តទៀតដោយមិនផ្ញើព័ត៌មានទៅ Google ។

កម្មវិធីប្រើភ្លាមៗរបស់ Android ។ នៅពេលអ្នកចុចលើតំណណាមួយនៅលើឧបករណ៍របស់អ្នក Google Play អាចពិនិត្យមើលថាតើកម្មវិធីប្រើភ្លាមៗដែលអាចប្រើបានមានដែរទេ ប្រសិនបើមាន វាបើកតំណនៅក្នុងកម្មវិធីប្រើភ្លាមៗនោះ។ លេខកូដដែលត្រូវការដើម្បីដំណើរការផ្នែកផ្សេងៗនៃកម្មវិធីប្រើភ្លាមៗដែលអ្នកចូលប្រើ នឹងត្រូវបានទាញយកទៅក្នុងឧបករណ៍របស់អ្នក ហើយនឹងត្រូវបានរក្សាទុកនៅលើឧបករណ៍នោះជាបណ្តោះអាសន្ន។ ព័ត៌មានលម្អិតកម្មវិធីសម្រាប់កម្មវិធីប្រើភ្លាមៗអាចរកបាននៅក្នុង Google Play store ។ ទិន្នន័យកម្មវិធីប្រើភ្លាមៗរបស់ Android និងការកំណត់ត្រូវបានធ្វើសមកាលកម្មទៅកាន់ឧបករណ៍ដែលបានចូលដោយគណនី Google របស់អ្នក។ អ្នកអាចបិទកម្មវិធីប្រើភ្លាមៗរបស់ Android នៅក្នុងការកំណត់នៅលើឧបករណ៍របស់អ្នក។

ការផ្លាស់ប្ដូរចំពោះលក្ខខណ្ឌទាំងនេះ។ ប្រសិនបើលក្ខខណ្ឌផ្លាស់ប្តូរ អ្នកនឹងទទួលបានការជូនដំណឹងក្នុងរយៈពេលយ៉ាងហោចណាស់ 30 ថ្ងៃ ហើយលក្ខខណ្ឌថ្មីនឹងមានប្រសិទ្ធភាព បន្ទាប់ពីរយៈពេលនៃការជូនដំណឹងនេះ។ ការបន្តប្រើប្រាស់ Google Play របស់អ្នកបន្ទាប់ពីរយៈពេលនៃការជូនដំណឹងនេះនឹងបង្ហាញពីការទទួលយករបស់អ្នកចំពោះលក្ខខណ្ឌថ្មី។ លក្ខខណ្ឌថ្មីនឹងអនុវត្តចំពោះការប្រើប្រាស់ខ្លឹមសារទាំងអស់របស់អ្នក (រួមទាំងខ្លឹមសារដែលអ្នកបានដំឡើង ឬបានទិញកាលពីមុន) និងរាល់ការដំឡើង ឬការទិញទាំងអស់ក្នុងពេលខាងមុខ។ ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរនេះទេ អ្នកនឹងមានឱកាសទាញយកខ្លឹមសារដែលអ្នកបានទិញ ឬដំឡើងកាលពីមុន និងបញ្ឈប់ការប្រើប្រាស់ Google Play របស់អ្នក។ អ្នកអាចមើលច្បាប់ចម្លងខ្លឹមសារបន្តនៅលើឧបករណ៍របស់អ្នក ដោយអនុលោមតាមកំណែចុងក្រោយនៃលក្ខខណ្ឌដែលអ្នកបានទទួលយក។

3. ការទិញ និងការបង់ប្រាក់

ខ្លឹមសារឥតគិតថ្លៃ។ Google អាចអនុញ្ញាតឱ្យអ្នកទាញយក មើល ឬប្រើខ្លឹមសារដោយឥតគិតថ្លៃនៅលើ Google Play ។ ការដាក់កម្រិតបន្ថែមអាចអនុវត្តចំពោះការចូលប្រើ និងការប្រើប្រាស់ខ្លឹមសារឥតគិតថ្លៃជាក់លាក់របស់អ្នក។

ការទិញខ្លឹមសារ។ នៅពេលអ្នកទិញខ្លឹមសារនៅលើ ឬប្រើប្រាស់ Google Play អ្នកនឹងចុះកិច្ចសន្យាលក់ដាច់ដោយឡែក ដោយផ្អែកលើលក្ខខណ្ឌទាំងនេះ (ស្របទៅតាមការអនុវត្ត) ជាមួយអ្នកលក់ដែលនឹងជា៖

(a) Google Ireland Limited; ឬ

(b) ក្រុមហ៊ុនផ្ដល់ខ្លឹមសារ ("ក្រុមហ៊ុនផ្ដល់សេវា") រួមទាំងករណីដែល Google Ireland Limited ដើរតួជាភ្នាក់ងារសម្រាប់ក្រុមហ៊ុនផ្ដល់សេវាផងដែរ។

កិច្ចសន្យាលក់ដាច់ដោយឡែកគឺបន្ថែមលើលក្ខខណ្ឌទាំងនេះ។

សម្រាប់ការលក់ដែល Google ដើរតួជាភ្នាក់ងារសម្រាប់ក្រុមហ៊ុនផ្ដល់សេវា សេចក្តីថ្លែងការណ៍នៅក្នុង Google ToS ដែលបញ្ជាក់ថា Google ToS "មិនបង្កើតសិទ្ធិសម្រាប់អ្នកទទួលផលភាគីទីបីណាមួយឡើយ" មិនអនុវត្តចំពោះការប្រើប្រាស់ Google Play របស់អ្នកទេ។

កិច្ចសន្យារបស់អ្នកសម្រាប់ការទិញ និងការប្រើប្រាស់ខ្លឹមសារត្រូវបានបញ្ចប់ នៅពេលដែលអ្នកទទួលបានអ៊ីមែលពី Google ដែលបញ្ជាក់ពីការទិញខ្លឹមសារនោះ ហើយការអនុវត្តកិច្ចសន្យានេះចាប់ផ្តើមភ្លាមៗ នៅពេលបញ្ចប់ការទិញ។

៖ការបញ្ជាទិញជាមុន។ នៅពេលដែលអ្នកធ្វើការបញ្ជាទិញខ្លឹមសារជាមុន កិច្ចសន្យារបស់អ្នកសម្រាប់ការទិញ និងការប្រើប្រាស់ខ្លឹមសារនោះត្រូវបានបញ្ចប់ នៅពេលដែលខ្លឹមសារត្រូវបានផ្តល់ជូនអ្នក ហើយអ្នកនឹងត្រូវបានគិតប្រាក់សម្រាប់ការទិញនៅពេលនោះ។ អ្នកអាចលុបចោលការបញ្ជាទិញជាមុនរបស់អ្នកបានគ្រប់ពេល មុនពេលដែលខ្លឹមសារនោះត្រូវបានផ្ដល់ជូនអ្នក។ យើងនឹងត្រូវលុបចោលការបញ្ជាទិញជាមុនរបស់អ្នក ប្រសិនបើខ្លឹមសារត្រូវបានដកចេញពីការលក់តាមរយៈ Google Play មុនពេលវាមានសម្រាប់ផ្តល់ជូន ហើយយើងរក្សាសិទ្ធិក្នុងការលុបចោលការបញ្ជាទិញរបស់អ្នកក្នុងករណីដែលមានការផ្លាស់ប្តូរតម្លៃ មុនពេលបញ្ចប់ការបញ្ជាទិញរបស់អ្នក។

វិធីបង់ប្រាក់លក្ខណៈគ្រួសារ។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគ្រួសារនៃក្រុមគ្រួសារមួយនៅលើ Google Play អ្នកនឹងចាំបាច់ត្រូវរៀបចំវិធីបង់ប្រាក់លក្ខណៈគ្រួសារដែលមានសុពលភាពសម្រាប់សមាជិកគ្រួសាររបស់អ្នក ដើម្បីប្រើក្នុងការទិញខ្លឹមសារនៅលើ Google Play និងនៅក្នុងកម្មវិធីនានា។ អ្នកនឹងទទួលខុសត្រូវចំពោះការទិញខ្លឹមសាររបស់សមាជិកគ្រួសារទាំងអស់ដែលប្រើវិធីបង់ប្រាក់លក្ខណៈគ្រួសារនេះ។ ប្រសិនបើក្រុមគ្រួសារត្រូវបានលុប ឬសមាជិកគ្រួសារណាម្នាក់ចាកចេញពីក្រុមគ្រួសារ អ្នកអាចត្រូវបានគិតប្រាក់សម្រាប់ការទិញដែលមិនទាន់បញ្ចប់រួចរាល់ ដែលធ្វើឡើងដោយសមាជិកគ្រួសារដែលប្រើវិធីបង់ប្រាក់លក្ខណៈគ្រួសារនេះ។

Google Payments ។ ដើម្បីទិញខ្លឹមសារតាមរយៈ Google Play អ្នកត្រូវតែមានគណនី Google Payments និងយល់ព្រមតាមលក្ខខណ្ឌប្រើប្រាស់ Google Payments ។ ការជូនដំណឹងឯកជនភាព Google Payments អនុវត្តនៅពេលដែលអ្នកទិញខ្លឹមសារដោយប្រើគណនី Google Payments ។ អ្នកទទួលខុសត្រូវចំពោះចំនួនទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ដែលពាក់ព័ន្ធនឹងការទិញតាមរយៈ Google Play នៅលើគណនី Google Payments របស់អ្នក។

វិធីដំណើរការបង់ប្រាក់ផ្សេងទៀត។ Google អាចផ្តល់ឱ្យអ្នកនូវវិធីដំណើរការបង់ប្រាក់ផ្សេងៗបន្ថែមពីលើ Google Payments ដើម្បីសម្រួលដល់ការទិញខ្លឹមសារតាមរយៈ Google Play ។ អ្នកត្រូវតែគោរពតាមលក្ខខណ្ឌដែលពាក់ព័ន្ធ ឬកិច្ចព្រមព្រៀងផ្លូវច្បាប់ផ្សេងទៀត មិនថាជាមួយ Google ឬភាគីទីបីដែលគ្រប់គ្រងការប្រើប្រាស់របស់អ្នកលើវិធីដំណើរការបង់ប្រាក់ដែលបានផ្តល់នោះទេ។ Google អាចបញ្ចូល ឬលុបវិធីដំណើរការបង់ប្រាក់តាមការសម្រេចចិត្តរបស់ខ្លួនតែមួយគត់។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះចំនួនទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ចំពោះការទិញនៅលើ Google Play របស់អ្នក។

សិទ្ធិទទួលបានការចេញវិក្កយបត្រតាមក្រុមហ៊ុនបញ្ជូន។ ដើម្បីកំណត់សិទ្ធិរបស់អ្នកក្នុងការទិញខ្លឹមសារ ដែលអ្នកធ្វើឡើងតាមរយៈឧបករណ៍របស់អ្នកដែលបានចេញវិក្កយបត្រទៅគណនីរបស់ក្រុមហ៊ុនផ្តល់សេវាបណ្ដាញរបស់អ្នក នៅពេលដែលអ្នកបង្កើតគណនី Google Play នៅលើឧបករណ៍ យើងនឹងផ្ញើតម្លៃសម្គាល់របស់ឧបករណ៍អ្នក ឧ. លេខសម្គាល់អ្នកជាវ និងលេខស៊េរីស៊ីមកាត ទៅកាន់ក្រុមហ៊ុនផ្ដល់សេវាបណ្ដាញរបស់អ្នក។ ដើម្បីអនុញ្ញាតការទិញនេះ អ្នកនឹងត្រូវទទួលយកលក្ខខណ្ឌប្រើប្រាស់របស់ក្រុមហ៊ុនផ្តល់សេវាបណ្ដាញ។ ក្រុុមហ៊ុនផ្ដល់សេវាបណ្តាញអាចផ្ញើព័ត៌មានអាសយដ្ឋានចេញវិក្កយបត្ររបស់អ្នកមកយើង។ យើងនឹងរក្សាទុក និងប្រើប្រាស់ព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ Google និងការជូនដំណឹងឯកជនភាពរបស់ Google Payments ។

តម្លៃ។ តម្លៃ និងលទ្ធភាពផ្តល់ជូនខ្លឹមសារទាំងអស់ដែលបង្ហាញតាមរយៈ Google Play អាចមានការផ្លាស់ប្តូរគ្រប់ពេលមុនពេលទិញ។

ពន្ធ។ "ពន្ធ" សំដៅលើពន្ធគយ ថ្លៃសេវាគយ ពន្ធដែលរឹបអូសបាន ឬប្រភេទពន្ធផ្សេងៗ (ក្រៅពីពន្ធលើប្រាក់ចំណូល) ដែលពាក់ព័ន្ធនឹងការលក់ខ្លឹមសារ រួមបញ្ចូលទាំងការពិន័យ ឬការប្រាក់ផ្សេងៗ។ អ្នកគឺជាអ្នកទទួលខុសត្រូវចំពោះពន្ធទាំងឡាយ ហើយត្រូវទូទាត់សម្រាប់ខ្លឹមសារដោយមិនមានការកាត់បន្ថយពន្ធឡើយ។ ប្រសិនបើអ្នកលក់ខ្លឹមសារ ឬ Google មានកាតព្វកិច្ចប្រមូល ឬបង់ពន្ធ ពន្ធនោះនឹងត្រូវគិតពីអ្នក។ អ្នកត្រូវតែគោរពតាមច្បាប់ពន្ធដារពាក់ព័ន្ធទាំងអស់ រួមទាំងការរាយការណ៍ និងការបង់ពន្ធទាំងឡាយដែលពាក់ព័ន្ធនឹងការប្រើប្រាស់ Google Play របស់អ្នក ឬការទិញខ្លឹមសារនៅលើ ឬតាមរយៈ Google Play ផងដែរ។ ការរាយការណ៍ និងការបង់ពន្ធដែលត្រូវអនុវត្តទាំងនេះគឺជាការទទួលខុសត្រូវរបស់អ្នក។

ការលក់ទាំងអស់គឺជាការសម្រេចចុងក្រោយ។ សូមមើលគោលការណ៍បង្វិលសងរបស់ Google Play សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិក្នុងការដក បោះបង់ ឬប្រគល់ការទិញត្រឡប់មកវិញ ដើម្បីទទួលបានការបង្វិលសង។ លើកលែងតែចំណុចដែលបានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងគោលការណ៍បង្វិលសងរបស់ Google Play ឬគោលការណ៍បង្វិលសងរបស់ក្រុមហ៊ុនផ្ដល់សេវា ការទិញទាំងអស់គឺជាការសម្រេចចុងក្រោយ ហើយនឹងមិនអនុញ្ញាតឱ្យមានការប្រគល់ត្រឡប់មកវិញ ក៏ដូចជាផ្លាស់ប្តូរ ឬបង្វិលសងនោះទេ។ ប្រសិនបើការផ្លាស់ប្តូរ ការប្រគល់ត្រឡប់មកវិញ ឬការបង្វិលសងត្រូវបានផ្តល់ជូនសម្រាប់ប្រតិបត្តិការណាមួយ ប្រតិបត្តិការនោះអាចត្រូវបានផ្លាស់ប្តូរ ហើយអ្នកមិនអាចប្រើប្រាស់ខ្លឹមសារដែលអ្នកបានទទួលតាមរយៈប្រតិបត្តិការនោះទៀតទេ។

ការជាវ។ ការជាវត្រូវបានគិតប្រាក់ដោយស្វ័យប្រវត្តិក្នុងរយៈពេលចេញវិក្កយបត្រនីមួយៗ (មិនថាប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំឆ្នាំ ឬក្នុងរយៈពេលផ្សេងទៀតនោះទេ) ហើយអ្នកអាចនឹងត្រូវបានគិតប្រាក់មិនលើសពី 24 ម៉ោងនោះទេ មុនរយៈពេលចេញវិក្កយបត្រនីមួយៗចាប់ផ្តើម។

(a) រយៈពេលសាកល្បង។ នៅពេលដែលអ្នកជាវខ្លឹមសារក្នុងតម្លៃណាមួយ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការជាវ ដោយទទួលបានការប្រើប្រាស់សាកល្បងឥតគិតថ្លៃក្នុងរយៈពេលជាក់លាក់ណាមួយ ហើយបន្ទាប់ពីនោះអ្នកនឹងត្រូវបានគិតប្រាក់រហូតទាល់តែអ្នកបោះបង់ការជាវ។ ដើម្បីជៀសវាងការគិតប្រាក់ អ្នកត្រូវតែបោះបង់មុនពេលរយៈពេលសាកល្បងបញ្ចប់។ នៅពេលដែលអ្នកបោះបង់ការសាកល្បងរបស់អ្នក អ្នកនឹងបាត់បង់សិទ្ធិចូលប្រើកម្មវិធីដែលពាក់ព័ន្ធ និងសិទ្ធិជាវទាំងឡាយភ្លាមៗ លុះត្រាតែមានការបញ្ជាក់ខុសពីនេះ។ ការប្រើប្រាស់ក្នុងរយៈពេលសាកល្បងនេះអាចមានការកម្រិតចំនួនសាកល្បងជាក់លាក់សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ ក្នុងអំឡុងពេលដែលបានផ្តល់ជូន ឬអាចមានការដាក់កំហិតផ្សេងទៀត។

(b) ការបោះបង់។ អ្នកអាចបោះបង់ការជាវបានគ្រប់ពេល មុនរយៈពេលចេញវិក្កយបត្រពាក់ព័ន្ធ បញ្ចប់ ដូចដែលបានពណ៌នានៅក្នុងមជ្ឈមណ្ឌលជំនួយ ហើយការបោះបង់នឹងអនុវត្តនៅក្នុងរយៈពេលបន្ទាប់។ ឧទាហរណ៍ ប្រសិនបើអ្នកទិញការជាវប្រចាំខែ អ្នកអាចបោះបង់ការជាវនោះបានគ្រប់ពេលក្នុងអំឡុងខែណាមួយនៃការជាវ ហើយការជាវនឹងត្រូវបានបោះបង់នៅខែបន្ទាប់។ អ្នកនឹងមិនទទួលបានការបង្វិលសងសម្រាប់រយៈពេលចេញវិក្កយបត្របច្ចុប្បន្នទេ លើកលែងតែត្រូវបានចែងផ្សេងពីនេះដែលមាននៅក្នុងគោលការណ៍បង្វិលសងរបស់ Google Play (ឧទាហរណ៍ ខ្លឹមសារដែលមានបញ្ហា)។ ការជាវបញ្ជរទស្សនាវដ្ដី Google Play៖ អ្នកនឹងបន្តទទួលបានខ្លឹមសារ និងបច្ចុប្បន្នភាព (ប្រសិនបើមាន) នៃការជាវដែលពាក់ព័ន្ធ ក្នុងអំឡុងពេលនៅសល់នៃរយៈពេលចេញវិក្កយបត្របច្ចុប្បន្ន។ បន្ទាប់ពីរយៈពេលចេញវិក្កយបត្រនោះបញ្ចប់ អ្នកនឹងនៅតែអាចចូលអានទស្សនាវដ្តីពីមុនៗដែលមានស្រាប់ហើយបានដដែល ប៉ុន្តែការចូលអានព័ត៌មានដែលតម្រូវឱ្យបង់ប្រាក់នឹងត្រូវបញ្ឈប់នៅពេលដែលរយៈពេលចេញវិក្កយបត្របញ្ចប់ ជាអំឡុងពេលដែលការជាវរបស់អ្នកត្រូវបានបោះបង់។ ប្រសិនបើអ្នកបោះបង់ក្នុងអំឡុងពេលសាកល្បងឥតគិតថ្លៃ អ្នកនឹងអាចបន្តចូលអានទស្សនាវដ្តីដែលអ្នកចូលអានអំឡុងពេលសាកល្បងឥតគិតថ្លៃបានដដែល ប៉ុន្តែអ្នកនឹងមិនអាចចូលអានខ្លឹមសារព័ត៌មានបានទៀតទេ។ ការជាវ Google Play Music៖ ប្រសិនបើអ្នកបោះបង់ការជាវ Google Play Music របស់អ្នក អ្នកនឹងនៅតែអាចចូលប្រើខ្លឹមសារនៃការជាវ Google Play Music បានដដែល ក្នុងអំឡុងពេលនៅសល់នៃរយៈពេលចេញវិក្កយបត្របច្ចុប្បន្ន ទោះបីជាយ៉ាងណាក៏ដោយ ការចូលប្រើរបស់អ្នកនឹងបញ្ឈប់នៅពេលដែលរយៈពេលចេញវិក្កយបត្របញ្ចប់ ជាអំឡុងពេលដែលការជាវរបស់អ្នកត្រូវបានបោះបង់។ ប្រសិនបើអ្នកបោះបង់ការជាវ Google Play Music របស់អ្នកអំឡុងពេលសាកល្បងឥតគិតថ្លៃ អ្នកនឹងមិនអាចចូលប្រើខ្លឹមសារនៃការជាវ Google Play Music ដែលអ្នកបានចូលប្រើក្នុងអំឡុងពេលសាកល្បងទៀតទេ។

(c) ការកាត់បន្ថយចំនួនអ្នកជាវប្រភេទបោះពុម្ព។ ក្រុមហ៊ុនបោះពុម្ពផ្សាយព័ត៌មានមួយចំនួនអាចអនុញ្ញាតឱ្យអ្នកទិញការជាវខ្លឹមសារព័ត៌មាននៅលើ Google Play ដោយមានការបញ្ចុះតម្លៃ ប្រសិនបើអ្នកធ្លាប់ជាអ្នកជាវប្រភេទបោះពុម្ព។ ប្រសិនបើអ្នកបោះបង់ការជាវប្រភេទបោះពុម្ពនៃព័ត៌មានរបស់អ្នក ឬការជាវប្រភេទបោះពុម្ពរបស់អ្នកផុតកំណត់ ហើយអ្នកមិនបន្តវា នោះការបញ្ចុះតម្លៃលើការជាវរបស់អ្នកចំពោះខ្លឹមសារនៅលើ Google Play នឹងត្រូវបានបោះបង់ដោយស្វ័យប្រវត្តិ។

(d) ការផ្លាស់ប្ដូរតម្លៃ។ នៅពេលដែលអ្នកទិញការជាវ ដំបូងឡើយអ្នកនឹងត្រូវបានគិតប្រាក់ក្នុងតម្លៃដែលកំពុងអនុវត្តក្នុងអំឡុងពេលព្រមព្រៀងជាវរបស់អ្នក។ ប្រសិនបើតម្លៃនៃការជាវកើនឡើងនៅពេលក្រោយ Google នឹងជូនដំណឹងដល់អ្នក។ ការឡើងថ្លៃនឹងអនុវត្តចំពោះការបង់ប្រាក់លើកក្រោយ ដែលត្រូវទូទាត់ពីអ្នកបន្ទាប់ពីការជូនដំណឹង ក្នុងករណីដែលអ្នកទទួលបានការជូនដំណឹងជាមុនយ៉ាងហោច 10 ថ្ងៃ មុនពេលដែលការគិតប្រាក់ត្រូវបានអនុវត្ត។ ប្រសិនបើអ្នកទទួលបានការជូនដំណឹងជាមុនតិចជាង 10 ថ្ងៃ នោះការឡើងថ្លៃនឹងមិនអនុវត្តទេ រហូតដល់ពេលបង់ប្រាក់បន្ទាប់ពីការបង់ប្រាក់លើកក្រោយ។ ប្រសិនបើអ្នកមិនចង់បង់ប្រាក់សម្រាប់ការជាវដែលឡើងថ្លៃទេ អ្នកអាចបោះបង់ការជាវនេះបានដូចដែលបានរៀបរាប់ក្នុងផ្នែកបោះបង់នៃលក្ខខណ្ឌទាំងនេះ ហើយអ្នកនឹងមិនត្រូវបានគិតប្រាក់បន្ថែមពីការជាវនេះទេ ដោយសារតែអ្នកបានជូនដំណឹងដល់យើងមុនពេលដែលរយៈពេលចេញវិក្កយបត្របច្ចុប្បន្នបញ្ចប់។ ក្នុងករណីដែលក្រុមហ៊ុនផ្តល់សេវាបង្កើនតម្លៃនៃការជាវ និងតម្រូវឱ្យមានការយល់ព្រម Google អាចនឹងបោះបង់ការជាវរបស់អ្នក ប្រសិនបើអ្នកមិនយល់ព្រមតាមតម្លៃថ្មីទេ។ ប្រសិនបើការជាវរបស់អ្នកត្រូវបានបោះបង់ ហើយអ្នកចង់ជាវឡើងវិញនៅពេលក្រោយ អ្នកនឹងត្រូវបង់ក្នុងតម្លៃជាវបច្ចុប្បន្ន។

4. សិទ្ធិ និងការដាក់កំហិត

អាជ្ញាបណ្ណសម្រាប់ប្រើប្រាស់ខ្លឹមសារ។ បន្ទាប់ពីបានបញ្ចប់ប្រតិបត្តិការ ឬទូទាត់ថ្លៃសេវាដែលត្រូវបង់សម្រាប់ខ្លឹមសាររួចហើយ អ្នកនឹងមានសិទ្ធិមិនផ្ដាច់មុខ ដូចដែលបានអនុញ្ញាតយ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌ និងគោលការណ៍ដែលពាក់ព័ន្ធទាំងនេះតែប៉ុណ្ណោះ ដើម្បីផ្ទុក ចូលប្រើ មើល ប្រើប្រាស់ និងបង្ហាញច្បាប់ចម្លងនៃខ្លឹមសារពាក់ព័ន្ធនៅលើឧបករណ៍របស់អ្នក ឬបើមិនដូច្នោះទេ វាត្រូវបានអនុញ្ញាតជាផ្នែកមួយនៃសេវាកម្មសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកតែប៉ុណ្ណោះ មិនមែនសម្រាប់ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនោះទេ។ សិទ្ធិ ចំណងជើង និងចំណាប់អារម្មណ៍ទាំងអស់នៅក្នុង Google Play និងខ្លឹមសារដែលមិនបានផ្តល់ដល់អ្នកច្បាស់លាស់នៅក្នុងលក្ខខណ្ឌត្រូវបានរក្សាសិទ្ធិ។ ការប្រើប្រាស់កម្មវិធី និងហ្គេមរបស់អ្នកអាចត្រូវបានគ្រប់គ្រងដោយខចែង និងលក្ខខណ្ឌបន្ថែមនៃកិច្ចព្រមព្រៀងអាជ្ញាបណ្ណអ្នកប្រើប្រាស់ចុងក្រោយរវាងអ្នក និងក្រុមហ៊ុនផ្ដល់សេវា។

ការបំពានលក្ខខណ្ឌអាជ្ញាបណ្ណ ប្រសិនបើអ្នកបំពានលើលក្ខខណ្ឌណាមួយ សិទ្ធិរបស់អ្នកនៅក្រោមអាជ្ញាបណ្ណនេះនឹងបញ្ឈប់ភ្លាមៗ ហើយ Google អាចនឹងបញ្ចប់ការចូលប្រើ Google Play, ខ្លឹមសារ ឬគណនី Google របស់អ្នកដោយមិនមានការបង្វិលសងសម្រាប់អ្នកវិញទេ។

ការដាក់កំហិត៖ អ្នកមិនអាច៖

ការផ្តល់សិទ្ធិសម្រាប់ភាគីទីបី។ ទោះបីជាមានអ្វីផ្ទុយពីលក្ខខណ្ឌទាំងនេះក៏ដោយ ភាគីទីបីដែលផ្តល់អាជ្ញាបណ្ណលើខ្លឹមសាររបស់ពួកគេទៅឱ្យ Google គឺជាអ្នកទទួលផលភាគីទីបីគោលដៅក្រោមលក្ខខណ្ឌទាំងនេះ ពាក់ព័ន្ធតែជាមួយនឹងការផ្តល់សិទ្ធិជាក់លាក់នៃលក្ខខណ្ឌទាំងនេះដែលទាក់ទងនឹងខ្លឹមសាររបស់ពួកគេដោយផ្ទាល់ ("ការផ្តល់សិទ្ធិសម្រាប់ភាគីទីបី") ហើយសម្រាប់តែគោលបំណងអនុញ្ញាតឱ្យភាគីទីបីអនុវត្តសិទ្ធិរបស់ខ្លួនចំពោះខ្លឹមសារនេះប៉ុណ្ណោះ។ ដើម្បីជៀសវាងការសង្ស័យ នៅក្នុងលក្ខខណ្ឌទាំងនេះមិនមានការផ្ដល់សិទ្ធិសម្រាប់អ្នកទទួលផលភាគីទីបី ដល់ភាគីណាមួយឡើយ ពាក់ព័ន្ធនឹងការផ្តល់សិទ្ធិទាំងឡាយដែលមិនស្ថិតនៅក្នុងការផ្តល់សិទ្ធិសម្រាប់ភាគីទីបី រួមមានការផ្តល់សិទ្ធិ ឬកិច្ចព្រមព្រៀងទាំងឡាយដែលបានរួមបញ្ចូលសម្រាប់ប្រើជាសេចក្តីយោង ឬដែលអាចធ្វើជាសេចក្តីយោងដោយគ្មានការរួមបញ្ចូល នៅក្នុងលក្ខខណ្ឌទាំងនេះ។

គោលការណ៍ Play ។ ការបង្ហោះការវាយតម្លៃនៅលើ Google Play គឺត្រូវអនុលោមតាមគោលការណ៍ខាងក្រោម។ ប្រសិនបើអ្នកចង់រាយការណ៍អំពីការរំលោភបំពាន ឬការបំពានខ្លឹមសារផ្សេងទៀត សូមចុចទីនេះ

ខ្លឹមសារមានបញ្ហា។ នៅពេលខ្លឹមសារត្រូវបានផ្ដល់ជូនអ្នកតាមរយៈគណនីរបស់អ្នក អ្នកគួរតែពិនិត្យមើលខ្លឹមសារនោះឱ្យបានឆាប់តាមដែលអាចធ្វើបានដោយសមស្រប ដើម្បីធានាថាវាបំពេញមុខងារ និងដំណើរការដូចដែលបានបញ្ជាក់ រួចជូនដំណឹងមកយើង ឬក្រុមហ៊ុនផ្ដល់សេវាឱ្យបានឆាប់តាមដែលអាចធ្វើបាន ប្រសិនបើអ្នករកឃើញបញ្ហា ឬកំហុសផ្សេងៗ។ សូមមើលគោលការណ៍បង្វិលសងរបស់ Google Play សម្រាប់ព័ត៌មានបន្ថែម។

ការលុប ឬការមិនមានផ្តល់ជូនខ្លឹមសារ។ ដោយអនុលោមតាមលក្ខខណ្ឌ ខ្លឹមសារដែលអ្នកទិញ ឬដំឡើងនឹងមានផ្ដល់ជូនអ្នកតាមរយៈ Google Play សម្រាប់រយៈពេលដែលអ្នកបានជ្រើសរើស ក្នុងករណីនៃការទិញសម្រាប់រយៈពេលជួលណាមួយ និងក្នុងករណីផ្សេងទៀត ដរាបណា Google មានសិទ្ធិផ្តល់ខ្លឹមសារនោះសម្រាប់អ្នក។ ក្នុងករណីជាក់លាក់មួយចំនួន (ឧទាហរណ៍ ប្រសិនបើ Google បាត់បង់សិទ្ធិដែលពាក់ព័ន្ធ សេវាកម្ម ឬខ្លឹមសារត្រូវបានបញ្ឈប់ មានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរ ឬមានការរំលោភបំពានលើលក្ខខណ្ឌពាក់ព័ន្ធ ឬច្បាប់) Google អាចលុបចេញពីឧបករណ៍របស់អ្នក ឬឈប់ផ្តល់សិទ្ធិសម្រាប់អ្នកក្នុងការចូលប្រើខ្លឹមសារជាក់លាក់ដែលអ្នកបានទិញ។ សម្រាប់ខ្លឹមសារដែលលក់ដោយ Google Ireland Limited អ្នកអាចទទួលបានការជូនដំណឹងអំពីការលុប ឬបញ្ឈប់ប្រភេទនេះ នៅពេលដែលសមស្រប។ ប្រសិនបើអ្នកមិនអាចទាញយកច្បាប់ចម្លងនៃខ្លឹមសារមុនពេលលុប ឬបញ្ឈប់ទេ Google អាចផ្តល់ជូនអ្នកនូវ (a) ខ្លឹមសារថ្មី ប្រសិនបើអាចធ្វើបាន ឬ (b) ការបង្វិលសងក្នុងតម្លៃដើមទាំងស្រុង ឬមួយផ្នែកនៃតម្លៃខ្លឹមសារ។ ប្រសិនបើ Google ផ្តល់ការបង្វិលសងសម្រាប់អ្នក ការបង្វិលសងនោះនឹងជាដំណោះស្រាយតែមួយគត់របស់អ្នក។

គណនីច្រើន។ ប្រសិនបើអ្នកមានគណនី Google ច្រើនដែលមានឈ្មោះអ្នកប្រើប្រាស់ផ្សេងៗគ្នា ក្នុងករណីមួយចំនួន អ្នកអាចផ្ទេរខ្លឹមសារចេញពីគណនី និងទៅគណនីផ្សេងទៀត ប្រសិនបើអ្នកជាម្ចាស់នៃគណនីនីមួយៗ និងប្រសិនបើ Google បើកមុខងាររបស់សេវាកម្មពាក់ព័ន្ធដែលអនុញ្ញាតឱ្យមានការផ្ទេរបែបនេះ។

ការកម្រិតការចូលប្រើនៅលើឧបករណ៍។ Google អាចដាក់កម្រិតម្តងម្កាលលើចំនួនឧបករណ៍ ឬកម្មវិធីដែលអ្នកអាចប្រើដើម្បីចូលប្រើខ្លឹមសារ។ សូមចូលទៅកាន់ទំព័រមជ្ឈមណ្ឌល Google Play Music ឬច្បាប់ប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play សម្រាប់ព័ត៌មានបន្ថែមអំពីការកម្រិតទាំងនេះលើ Google Play Music ឬភាពយន្ត និងទូរទស្សន៍ Google Play ។

សកម្មភាពគ្រោះថ្នាក់។ មិនមានសេវាកម្ម ឬខ្លឹមសារណាមួយត្រូវបានប្រើប្រាស់ក្នុងគោលបំណងដំណើរការរោងចក្រនុយក្លេអ៊ែរ ប្រព័ន្ធទ្រទ្រង់ជីវិត ទំនាក់ទំនងពេលមានអាសន្ន ប្រព័ន្ធទំនាក់ទំនង ឬការបញ្ជាយន្តហោះ ប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍ ឬសកម្មភាពប្រភេទនេះផ្សេងទៀតនោះទេ ដែលក្នុងករណីនេះការបរាជ័យចំពោះការដំណើរការសេវាកម្ម ឬខ្លឹមសារអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត រងរបួសដល់បុគ្គល ឬខូចខាតបរិស្ថាន ឬជារូបវន្តធ្ងន់ធ្ងរ។

ភាពយន្ត និងទូរទស្សន៍ Google Play ។ សម្រាប់ព័ត៌មានលម្អិត និងការដាក់កំហិតបន្ថែមអំពីការចូលប្រើ និងការប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play របស់អ្នក សូមមើលច្បាប់ប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play ។

Google Play Music

Google Play អនុញ្ញាតឱ្យអ្នករុករក មើលសាកល្បង ចាក់ ទិញ ទាញយក ណែនាំ និងប្រើតន្ត្រីឌីជីថលប្រភេទផ្សេងៗ និងខ្លឹមសារដែលពាក់ព័ន្ធនឹងតន្ត្រីដូចជា ឯកសារតន្រ្តី ឯកសារវីដេអូចម្រៀង ការមើលសាកល្បង ផ្នែកដកចេញ ព័ត៌មានអំពីសិល្បករ ការវាយតម្លៃរបស់អ្នកប្រើប្រាស់ ការវាយតម្លៃតន្រ្តីរបស់អ្នកអាជីពភាគីទីបី និងខ្លឹមសារឌីជីថលផ្សេងទៀត ("ផលិតផលតន្ត្រី")។

ខ្លឹមសារដែលបានផ្ទុក។ អ្នកអាចប្រើប្រាស់ Google Play ដើម្បីផ្ទុកខ្លឹមសារឌីជីថល (ដូចជាឯកសារតន្ត្រី ទិន្នន័យមេតាដែលពាក់ព័ន្ធ និងរូបភាពសិល្បៈក្របអាល់ប៊ុម) នៅក្នុងការផ្ទុកតន្ត្រីតាមរយៈកម្មវិធីតន្ត្រីដែលត្រូវបានកំណត់ខាងក្រោម ("ខ្លឹមសារដែលបានផ្ទុក")។ ដើម្បីជៀសវាងមន្ទិលសង្ស័យ "ផលិតផលតន្រ្តី" មិនរាប់បញ្ចូលខ្លឹមសារដែលបានផ្ទុកនោះទេ។ ខ្លឹមសារដែលបានផ្ទុកអាចរាប់បញ្ចូលទាំងឯកសារដែលអ្នកបានបង្ហោះដោយផ្ទាល់ទៅក្នុងទំហំផ្ទុកតន្ត្រី ឬឯកសារដែល Google "ស្កេន និងផ្គូផ្គង" ជាមួយឯកសារដែលផ្ទុកនៅលើឧបករណ៍របស់អ្នកស្រាប់។

សេវាកម្មឃ្លាំងតន្រ្តី។ Google Play អាចផ្តល់លទ្ធភាពឱ្យអ្នកចូលប្រើ (a) ទំហំផ្ទុកម៉ាស៊ីនមេដែលអ្នកអាចប្រើប្រាស់ដើម្បីផ្ទុកតន្ត្រី និងឯកសារទិន្នន័យដែលពាក់ព័ន្ធ រួមទាំងផលិតផលតន្ត្រី និងខ្លឹមសារដែលបានផ្ទុក ("ទំហំផ្ទុកតន្ត្រី") ឬ (b) កម្មវិធី (រួមទាំងកម្មវិធីតាមអ៊ីនធឺណិត កុំព្យូទ័រ និងឧបករណ៍ចល័ត) និងសេវាកម្មដែលពាក់ព័ន្ធដែលអនុញ្ញាតឱ្យអ្នកបង្ហោះ គ្រប់គ្រង ចូលប្រើ និងចាក់តន្ត្រីតាមរយៈទំហំផ្ទុកតន្ត្រី ("កម្មវិធីតន្រ្តី")។ ជារួមនៅក្នុងលក្ខខណ្ឌទាំងនេះ ទំហំផ្ទុកតន្ត្រី និងកម្មវិធីតន្ត្រីត្រូវបានហៅកាត់ថា "សេវាកម្មឃ្លាំងតន្ត្រី"។

ការប្រើប្រាស់សេវាកម្មឃ្លាំងតន្រ្តី។ ប្រសិនបើអ្នកផ្ទុកផលិតផលតន្ត្រី និងខ្លឹមសារដែលបានផ្ទុកនៅក្នុងទំហំផ្ទុកតន្ត្រី មានន័យថាអ្នកកំពុងផ្ទុកច្បាប់ចម្លងតែមួយគត់ពីខ្លឹមសារនេះ និងស្នើឱ្យ Google រក្សាទុកវាជំនួសអ្នក និងកំណត់ឱ្យអ្នកមានលទ្ធភាពចូលប្រើវាបានតាមរយៈគណនីរបស់អ្នកនៅលើ Google Play ។ ប្រសិនបើអ្នកប្រើប្រាស់សេវាកម្មឃ្លាំងតន្ត្រី មានន័យថាអ្នកកំពុងស្នើឱ្យ Google ផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់មុខងារ និងលក្ខណៈពិសេសរបស់សេវាកម្មឃ្លាំងតន្រ្តីដែលចាំបាច់ទាំងអស់ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ផលិតផលតន្ត្រី និងខ្លឹមសារដែលបានផ្ទុករបស់អ្នក។ ដើម្បីអនុវត្តនីតិវិធីបច្ចេកទេសដែលចាំបាច់ ដើម្បីផ្តល់សេវាកម្មឃ្លាំងតន្រ្តីសម្រាប់អ្នក អ្នកជ្រាបថា Google អាច (a) បញ្ជូនផលិតផលតន្ត្រី និងខ្លឹមសារដែលបានផ្ទុកនៅលើបណ្តាញ និងមេឌៀនានា និង (ខ) ធ្វើការផ្លាស់ប្តូរចំពោះផលិតផលតន្ត្រី និងខ្លឹមសារដែលបានផ្ទុកតាមការចាំបាច់ដើម្បីអនុលោម និងសម្របតាមតម្រូវការបច្ចេកទេសនៃការភ្ជាប់បណ្តាញ ឧបករណ៍ សេវាកម្ម ឬមេឌៀ។ អ្នកបញ្ជាក់ និងធានាចំពោះ Google ថាអ្នកមានសិទ្ធិដែលចាំបាច់ដើម្បីផ្ទុកខ្លឹមសារដែលបានផ្ទុកទាំងឡាយនៅក្នុងទំហំផ្ទុកតន្ត្រី ដែលអ្នកណែនាំ Google ឱ្យបង្ហោះ ឬផ្ទុកនៅក្នុងទំហំផ្ទុកតន្ត្រី និងដើម្បីណែនាំឱ្យ Google អនុវត្តសកម្មភាពដូចដែលបានរៀបរាប់នៅក្នុងផ្នែកនេះ។

សេវាកម្មជាវរបស់ Google ផ្សេងទៀត។ ការប្រើប្រាស់ Google Play របស់អ្នក និងផលិតផលជាវតន្ត្រី Google Play ទាំងឡាយត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌទាំងនេះតែប៉ុណ្ណោះ និងមិនមែនដោយលក្ខខណ្ឌរបស់ផលិតផល Google ផ្សេងទៀតនោះទេ រួមទាំងផលិតផល Google ផ្សេងទៀតដែលអ្នកទទួលបានសិទ្ធិចូលប្រើការជាវ Google Play music ផងដែរ។

បញ្ជរទស្សនាវដ្តី Google Play ។

ព័ត៌មានដែល Google ចែករំលែកជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន។ ប្រសិនបើអ្នកទិញការជាវព័ត៌មានសម្រាប់រយៈពេលណាមួយនៅលើ Google Pay នោះ Google អាចចែករំលែកឈ្មោះរបស់អ្នក អាសយដ្ឋានអ៊ីមែល អាសយដ្ឋានផ្ញើសំបុត្រ និងតម្លៃសម្គាល់ពិសេសជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន។ ក្នុងនាមជាអ្នកជាវព័ត៌មាន Google ក៏អាចនឹងចែករំលែកប្រវត្តិអានព័ត៌មានរបស់អ្នកជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាននោះផងដែរ។ Google បានយល់ព្រមជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មានថា អ្នកបោះពុម្ពផ្សាយព័ត៌មាននឹងប្រើប្រាស់ព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់អ្នកបោះពុម្ពផ្សាយ។ អ្នកនឹងមានសិទ្ធិផ្តាច់ចេញពីការប្រាស្រ័យទាក់ទងទាំងឡាយជាមួយអ្នកបោះពុម្ពផ្សាយដែលមិនពាក់ព័ន្ធជាមួយការជាវដែលអ្នកកំពុងទិញ និងផ្តាច់ចេញពីការប្រាស្រ័យទាក់ទងផ្នែកទីផ្សារពីភាគីទីបី នៅពេលដែលអ្នកទិញការជាវ។ ប្រសិនបើអ្នកទិញទស្សនាវដ្តីមួយលេខនៅលើ Google Play នោះ Google អាចនឹងផ្តល់លេខកូដប្រៃសណីយ៍ទៅអ្នកបោះពុម្ពផ្សាយទស្សនាវដ្តីនេះ។ យើងក៏ផ្តល់ជូនអ្នកបោះពុម្ពផ្សាយព័ត៌មាននូវព័ត៌មានអំពីការលក់ពាក់ព័ន្ធនឹងការទិញព័ត៌មានទាំងនេះផងដែរ។

ផ្ទៀងផ្ទាត់ការជាវប្រភេទបោះពុម្ព។ ប្រសិនបើអ្នកកំពុងចូលប្រើការជាវនៅលើបញ្ជរទស្សនាវដ្តី Google Play តាមរយៈការជាវប្រភេទបោះពុម្ពដែលមានស្រាប់ពីអ្នកបោះពុម្ពផ្សាយព័ត៌មាននោះ យើងអាចស្នើឱ្យក្រុមហ៊ុនផ្តល់សេវាភាគីទីបីផ្ទៀងផ្ទាត់ការជាវប្រភេទបោះពុម្ពរបស់អ្នកជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាននោះ ហើយយើងអាចស្នើសុំពីអ្នកនូវព័ត៌មានជាក់លាក់ដែលពាក់ព័ន្ធនឹងការជាវប្រភេទបោះពុម្ពរបស់អ្នក ដើម្បីធ្វើការផ្ទៀងផ្ទាត់។ Google នឹងប្រើព័ត៌មាននេះដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ Google ។